ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរាប់រយនាក់ មានទាំងអាជ្ញាធរ និងសមត្ថកិច្ចផង បាននាំគ្នាផ្អើលភ្លូកទឹកភ្លូកដីទៅចោមរោមមើលអព្ភូតហេតុដ៏ចម្លែកមួយដែលបង្កជាអគ្គិភ័យឆាបឆេះសម្ភារ និងទ្រព្យសម្បតិ្តនៅក្នុងផ្ទះគ្រួសារកសិករមួយ នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ដែលកើតឡើងស្ទើររាល់ថ្ងៃអស់រយៈពេលជាង២
សប្ដាហ៍កន្លងទៅនេះ ដោយគ្មាននរណាម្នាក់ដឹងពីមូលហេតុ សូម្បីតែម្ចាស់ផ្ទះ សមត្ថកិច្ច ឬអ្នកភូមិដែលបានឃើញផ្ទាល់ភ្នែកក្ដី តែពួកគេបានផ្ដោតទៅលើអបិយជំនឿទៅវិញ។
សប្ដាហ៍កន្លងទៅនេះ ដោយគ្មាននរណាម្នាក់ដឹងពីមូលហេតុ សូម្បីតែម្ចាស់ផ្ទះ សមត្ថកិច្ច ឬអ្នកភូមិដែលបានឃើញផ្ទាល់ភ្នែកក្ដី តែពួកគេបានផ្ដោតទៅលើអបិយជំនឿទៅវិញ។
លោក សាត ស៊ាត អធិការរងស្រុកបាណន់ បានប្រាប់ឲ្យដឹងថា ពិតជាមានអព្ភូតហេតុដ៏ចម្លែកនោះមែន ដែលម្ចាស់ផ្ទះឈ្មោះបឿន សាលឿន អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះកោប យី អាយុ៣៨ឆ្នាំ មានកូនស្រី២នាក់នៅក្នុងបន្ទុក។ លោកអធិការរងបានបញ្ជាក់ថា លោកបានឃើញផ្ទាល់ភ្នែក វាបានបង្កជាអគ្គិភ័យ ឆាបឆេះសម្ភារៈ និងទ្រព្យសម្បត្តិនានាទាំងនៅលើផ្ទះ ទាំងនៅក្រោមផ្ទះរបស់គ្រួសារនេះស្ទើររាល់ថ្ងៃ រហូតកម្លាំងរបស់លោកដាក់ប្រចាំការចាំឃ្លាំមើលទៀតផង គឺពិតជាមានភ្លើងឆេះបែបនេះមែន ។ ទាំងម្ចាស់ផ្ទះ ទាំងប្រជាពល
រដ្ឋដែលបានឃើញផ្ទាល់ភ្នែក សុទ្ធតែមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះនៅសុខៗស្រាប់តែមានភ្លើងឆេះឡើង ។
រដ្ឋដែលបានឃើញផ្ទាល់ភ្នែក សុទ្ធតែមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា ព្រោះនៅសុខៗស្រាប់តែមានភ្លើងឆេះឡើង ។
លោក សាត ស៊ាត បញ្ជាក់ថា អព្ភូតហេតុដ៏ចម្លែកនេះបានកើតឡើងតាំងពីថ្ងៃទី១៧ កក្កដា រហូតមកដល់ល្ងាចថ្ងៃទី៣០កក្កដា ធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងតិច៨ដងក្នុងមួយថ្ងៃ។
ស្ត្រីឈ្មោះឈេន ជឿន អាយុ៦៦ឆ្នាំ ជាម្ដាយម្ចាស់ផ្ទះកើតហេតុ ដែលបានជួបហេតុការណ៍នេះផ្ទាល់ និងជាលើកដំបូងបាននិយាយថា នៅម៉ោងប្រហែល១១ព្រឹកថ្ងៃទី១៧ កក្កដា ពេលគាត់កំពុងអង្គុយក្រោមផ្ទះ ស្រាប់តែសុខៗឃើញភ្លើងឆេះគំនរស្បូវនៅក្រោមជង្រុកក្រោយផ្ទះ ។ គាត់បានរត់ទៅពន្លត់ ហើយគិតថា ប្រហែលមានគេលួចដុត គាត់ក៏យកស្បូវនោះទៅគរទុកក្បែរផ្ទះវិញ ។ គាត់បន្តថា ប្រហែល១០នាទីក្រោយភ្លើងបានឆេះស្បូវនោះទៀត គាត់ក៏ស្រែកហៅកូនចៅឲ្យជួយមើល ។
លុះនៅថ្ងៃទី១៨ កក្កដា ភ្លើងបានឆេះដំបូលជង្រុកវិញម្ដង ឆេះទាំងស្រូវអស់៤ការុងផង ។ គាត់នៅតែសង្ស័យថា អាចមានគេលួចដុតដដែល គាត់ក៏ឲ្យកូនលើកស្រូវដែលនៅសល់យកទៅដាក់លើតាបប៊ីយ៉ាក្រោមផ្ទះ ។ ប៉ុន្តែនៅថ្ងៃទី១៩ កក្កដា ស្រាប់តែភ្លើងបានឆេះស្រូវលើតាបប៊ីយ៉ានោះអស់៣ការុងទៀត លុះ១០នាទីក្រោយភ្លើងឆេះគំនរស្បូវ២កន្លែងដំណាលគ្នាទៀត ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលកាន់តែខ្លាំង ។
អ្នកស្រីឈេន ជឿន បានបញ្ជាក់ថា អព្ភូតហេតុនោះបានស្ងប់ស្ងាត់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ លុះនៅថ្ងៃទី២៦ កក្កដា ស្រាប់តែភ្លើងបានឆេះមុងផង វាំងននផង នៅលើផ្ទះបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃទៀត ។ មិនតែប៉ុណ្ណោះឆេះអាំភ្លី ឆេះទូ និងសម្ភារដទៃទៀតជាបន្តបន្ទាប់ ។
គាត់និយាយថា គ្រានោះគាត់និងកូនបានជញ្ជូនអីវ៉ាន់ចុះពីលើផ្ទះទៅផ្ញើនៅផ្ទះអ្នកជិតខាង ប៉ុន្តែមិនបានប៉ុន្មាននាទីផង ភ្លើងបានតាមឆេះអីវ៉ាន់ទាំងនោះនៅផ្ទះគេទៀត។ គាត់មិនអស់ចិត្តក៏យកខ្នើយនិងពួកទៅពាក់លើរបងនៅក្បែរផ្ទះវិញ ព្រោះខ្លាចឆេះផ្ទះគេ តែត្រូវភ្លើងឆេះខ្នើយពួកនៅលើរបងទៀត គឺបន្តឆេះសម្ភារ និងទ្រព្យសម្បត្តិគាត់រហូត ហើយឆេះលើកចុងក្រោយនៅយប់ថ្ងៃទី៣០ កក្កដា គឺតាំងពីព្រឹករហូតដល់ម៉ោង៧យប់ គឺអព្ភូតហេតុដ៏ចម្លែកនេះបានកើតឡើងចំនួន៦លើក ។ គាត់បញ្ជាក់ថា ភាគច្រើនគឺឆេះនៅចំពោះមុខហ្វូងមនុស្សដែលកំពុងចោមរោម និងចាំឃ្លាំមើលតែម្ដង ពិតជាចម្លែកណាស់ ។
មានសាក្សីជាច្រើនសុទ្ធតែបានអះអាងថា ពួកគេបានឃើញអព្ភូតហេតុនេះផ្ទាល់ភ្នែក។ សាក្សីទាំងនោះបានបង្ហាញពីភាពអស្ចារ្យនៃអព្ភូតហេតុនោះ ដែលមិនធ្លាប់ជួបប្រទះតាំងពីតូចក្រូចឆ្មារមក លុះបានឃើញផ្ទាល់ភ្នែកបែបនេះ ពួកគេចាត់ទុកដូចជារឿងសិល្ប៍នៅក្នុងខ្សែភាពយន្តដូច្នេះដែរព្រោះជាក់ស្ដែងពេក។ សមាជិកគណៈកម្មការវត្តបឹងក្រសាលដែលឃើញផ្ទាល់ភ្នែក គឺលោក យ៉ម រឿត បានមានប្រសាសន៍ថា គាត់បានឮអំពីរឿងនេះ និងឃើញអ្នកភូមិ រួមទាំងសមត្ថកិច្ចផង មានការភ្ញាក់ផ្អើលជិត២សប្ដាហ៍ហើយ តែលោកមិនដែលឃើញផ្ទាល់ភ្នែកទេ ។
លោក យ៉ម រឿត បានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី៣០ កក្កដា ពេលលោកនិងអ្នកភូមិ រួមទាំងសមត្ថកិច្ចកំពុងអង្គុយនៅខាងមុខតូបលក់ដូររបស់ម្ចាស់ផ្ទះ ស្រាប់តែសុខៗភ្លើងបានឆេះបាវអង្ករ និងឆេះកញ្ច្រែងដាក់ DVD នៅក្បែរនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ធ្វើឲ្យលោកងឿងឆ្ងល់ស្ទើរតែមិនគួរឲ្យជឿ ។
គណៈកម្មការវត្តរូបនេះបានបញ្ជាក់ថា លោកមិនធ្លាប់ឃើញអព្ភូតហេតុបែបនេះទេ តាំងពីកើតមក ទើបតែពេលនេះលោកបានឃើញផ្ទាល់ភ្នែក តែលោកក៏មិនដឹងថា បណ្ដាលមកពីរឿងអ្វីដែរ ។
ជុំវិញហេតុការណ៍ដ៏ចម្លែកនេះ បើតាមម្ចាស់ផ្ទះឈ្មោះបឿន សាលឿន បាននិយាយថា កាលពីជាងមួយឆ្នាំមុន លោកធ្លាប់រើសបានវត្ថុបុរាណមួយដែលមានទម្រង់ដូចមកុដធ្វើពីលោហធាតុ មានកម្ពស់ប្រហែល៧ហ៊ុន និងទទឹងប្រហែល៥ហ៊ុន ។ លោកថា ក្រោយមកលោកបានយកវត្ថុនោះទៅរក្សាទុកនៅលើផ្ទះរហូតមក តែមិនធ្លាប់មានបញ្ហាអ្វីទេ ។ ប៉ុន្តែបន្ទាប់ពីមានអព្ភូតហេតុចម្លែកឆ្លើងឆេះទ្រព្យសម្បត្តិដោយគ្មានហេតុផលនេះ លោកនិងក្រុមគ្រួសារក៏បានទៅរកគ្រូមើល ហើយគ្រូទាយថា អព្ភូតហេតុនេះកើតឡើងដោយសារតែលោករក្សាទុកវត្ថុបុរាណនោះនៅលើផ្ទះ ។ ក្រោយពីឮគ្រូទាយបែបនេះ នៅថ្ងៃទី២៩ កក្កដា លោកក៏យកវត្ថុបុរាណនោះទៅប្រគេនលោកនៅវត្តបឹងក្រសាលឲ្យរក្សាទុកវិញ តែភ្លើងនៅតែតាមឆេះសម្ភារ និងទ្រព្យសម្បត្តិរបស់លោកដដែល ។ លោក បឿន សាលឿន បាននិយាយថា ពេលហេតុការណ៍នេះកើតឡើងមិនឈប់ឈរ លោកក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ជាបន្តបន្ទាប់ រហូតសមត្ថកិច្ចបានដាក់កម្លាំងចាំឃ្លាំមើលជាមួយអ្នកភូមិ និងបានឃើញហេតុការណ៍នេះដោយផ្ទាល់ភ្នែកទៀតផង។
លោក បឿន សាលឿន បានបន្ថែមថា ដោយសារតែអព្ភូតហេតុនេះកើតឡើងជាក់ស្ដែងពេក ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច រួមទាំងអ្នកភូមិផង បានផ្ដោតខ្លាំងទៅលើអបិយជំនឿតាមបែបសាសនា ដោយបានរៀបចំពិធីបញ្ជាន់រូប និងបូងសួងសុំសេចក្ដីសុខសប្បាយ នៅព្រឹកថ្ងៃទី៣១ កក្កដា ដោយមានមនុស្សរាប់រយនាក់ចូលរួម ។ ប៉ុន្តែលោកបានបញ្ជាក់ដែរថា ពេលកំពុងធ្វើពិធីបញ្ជាន់រូប ឬពិធីបូងសួងនោះ គេមិនឃើញមានអព្ភូតហេតុដ៏ចម្លែកនេះកើតឡើងទេ ខណៈមនុស្សរាប់រយនាក់ចង់ឃើញផ្ទាល់ភ្នែក ។
ប៉ុន្តែបើតាមប្រភពព័ត៌មានចុងក្រោយបានឲ្យដឹងថា ពិធីបញ្ជាន់រូបនោះ គឺមានអ្នកស្នងរូបរហូតដល់៦នាក់ឯណោះ ។ ប្រភពដដដែលបានបន្តថា អ្នកស្នងរូបបាននិយាយថា អព្ភូតហេតុនោះមិនមែនកើតឡើងដោយការក្ដៅក្រហាយនឹងម្ចាស់ផ្ទះដែលយកវត្ថុបុរាណទៅរក្សាទុកនៅលើផ្ទះនោះទេ គឺដោយសារខុសម្ចាស់ទឹកម្ចាស់ដី ជាពិសេសអ្នកតាវល្លិដែលថែរក្សាព្រៃភ្នំក្រំថ្មនៅតំបន់នោះដែលខ្វះទីជម្រក ។ អ្នកសួរដេញដោលអ្នកស្នងរូបបាននិយាយថា អ្នកតាម្ចាស់ទឹកម្ចាស់ដីបានយំស្រែក និងស្ដីបន្ទោសទៅលើម្ចាស់ផ្ទះថា មិនបានអើពើនឹងការខ្វះទីជម្រករបស់ពួកគេ ហើយទាមទារឲ្យម្ចាស់ផ្ទះ និងអ្នកភូមិជួយធ្វើជម្រកស្នាក់នៅឲ្យបានសមរម្យនៅក្បែរដើមពោធិ៍ដ៏ធំមួយនៅខាងមុខវត្តបឹងក្រសាល ទើបម្ចាស់ផ្ទះ និងអ្នកភូមិរស់នៅបានសុខសាន្ត ។ ទាំងម្ចាស់ផ្ទះ ទាំងអ្នកភូមិទំនងជាយល់ព្រមទទួលយកសំណើនេះទៅតាមទំនៀមទម្លាប់ហើយ ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាន ៕ everyday
Reviewed by Unknown
on
10:19:00 PM
Rating:
No comments: