សម្តេចតេជោ សែន ប្រៀប សាំ ពិសិដ្ឋទៅនឹងធនញ្ជ័យ ថាឲ្យទៅមើលផ្លូវមើលមែន ត្រង់ផ្លូវខូច អញមិនដឹង គឺអង្គុយក្នុងឡានពាក់ក្រវាត់ក
ភ្នំពេញ: ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រមានខ្លាំងនៅចំពោះមុខមន្ត្រីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រាប់ពាន់នាក់ថា សាំ ពិសិដ្ឋ តាំងពីធ្វើប្រធានសាធារណការក្រុងភ្នំពេញ ផ្លូវខូចកើតឡើងគ្រប់ទីកន្លែង គ្មានការជួសជុលឡើងវិញ។ សម្តេចក៏ប្រដូចលោក សាំ ពិសិដ្ឋ ទៅនឹងធនញ្ជ័យ ថាឲ្យទៅមើលផ្លូវមើលមែន ត្រង់ផ្លូវខូចអញមិនដឹង គឺអង្គុយក្នុងឡានពាក់ក្រវាត់ក។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំព្រះករុណា មានការងឿងឆ្ងល់មួយថា ងឿងឆ្ងល់ត្រង់ថា អាផ្លូវចេះតែធ្វើ តែត្រង់ជួសជុល វាមិនសូវជួសជុល វានៅនឹងតែម្តង។ សេនាធិការគឺប្រធានសាធារណការ សម្រាប់អភិបាលក្រុងតើភ្នែកមានបានមើលទេអាផ្លូវនេះ ពេលខ្លះខ្ញុំបានហៅទូរស័ព្ទរកអភិបាលក្រុងថា នែអាផ្លូវកន្លែងនេះវាអីចេះវាអីចុះ។ សម្តេចតេជោ បានសម្តែងនូវការងឿងឆ្ងល់ថា មូលហេតុបានជាផ្លូវចេះតែស្ថាបនាសាងសង់ស្ទើរគ្រប់ទីកន្លែងក្នុងក្រុងភ្នំពេញ ប៉ុន្តែហេតុអ្វីពេលខូចផ្លូវ អត់មានអ្នកជួសជុលឡើងវិញ ពោលគឺទុកតាំងពីខូចក្នុងស្ថានភាពតូចរហូតដល់ធំ តើសាធារណការទៅណាអស់ហើយ ម៉េចមិនជួសជុលផ្លូវ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "ប្រាប់មើលប្រធានសាធារណការ អនុប្រធាន ហើយលោកអភិបាលខណ្ឌទៅណាអស់ទៅ កន្លែងនឹងថ្ងៃខ្លះវាខូចប៉ុនចានចង្កឹះ ស្អែកវាខូចប៉ុនចានគោម ដល់បីក្រោយវាទៅជា..."។ សម្ដេចតេជោ សែន បាននិយាយរិះគន់ប្រធាន និងអនុប្រធាន សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អភិបាលខណ្ឌថា មិនដែលយកភ្នែកមើលផ្លូវខូចទេគិចតែនាំគ្នាជិះឡាននិងអង្គុយពាក់ក្រវាត់កក្នុងប៊ុយរ៉ូ។ សម្តេច បានបន្តថា "ដកអាប្រធានសាធារណការក្រុងចោលមើ ។ ឯណា សាំ ពិសិដ្ឋ មានភ្នែកមើលផ្លូវទេនុង លោកឯងមានភ្នែកមើលផ្លូវដែរឬអត់? និយាយត្រង់ៗជាមួយគ្នាតែម្តង អាសារដើរមើលកុំនៅចងក្រវាត់កក្នុងហ្នឹង ។ ខ្ញុំនិយាយត្រង់ តាំងពីលោកឯងឡើងមកនេះ គឺផ្លូវវាយ៉ាប់ អាធ្វើថ្មីវាខុសហើយ ប៉ុន្តែអាចាស់វាមិនព្រមជួសជុល ហើយអស់លោកនៅខាងក្រោយមានបានកត់សម្គាល់ដែរទេ ឬក៏កត់សម្គាល់តែខ្ញុំ"។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឲ្យលោក សាំ ពិសិដ្ឋ ឧស្សាហ៍ដើរមើលផ្លូវនៅក្នុងក្រុង ប្រយ័ត្នអស់បុណ្យអស់ស័ក្តិ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា សម្តេចបានឈឺក្បាលខ្លាំងចំពោះរឿងសាធារណការនេះ។ សម្តេចលើកឡើងថា "នៅពេលនេះនិយាយគ្នាត្រង់ៗ ប៉ុន្តែថ្ងៃណាមួយអស់បុណ្យអស់ស័ក្តិ ព្រោះខ្ញុំបង្ខំឲ្យដក គឺគិតតែធ្វើអាកាស អាក្រោមដី ប៉ុន្តែអាលើដីអត់ខំធ្វើ តើទទួលទូរស័ព្ទពីខ្ញុំប៉ុន្មានដងហើយ តាំងពីខ្ញុំមានហ្វេសប៊ុក ប្រជាពលរដ្ឋបានសួរខ្ញុំរហូត ពួកគាត់បានសួរខ្ញុំគឺត្រឹមត្រូវហើយ ហើយថា សម្តេច ធ្វើកន្លែងមួយធ្វើម្តងជីកដាក់លូមេ ជីកដាក់ខ្សែកាប អីចុះមិននឹងធ្វើ ម៉េចមិនសិក្សាឲ្យហើយ ចាំជីកច្រើនដង ខ្ញុំសូមអរគុណចំពោះអ្នកលើកសំណួរមកត្រូវ ហើយចេះតែថា អ្នកនុះបក្សប្រឆាំង ប្រឆាំងឬមិនប្រឆាំងឲ្យតែសមស្រប យកទៅ"។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា រឿងនេះយើងគួរនិយាយគ្នាយកការពិតមួយ ដែលយើងធ្វើអីចឹងមែន ព្រោះខ្ញុំក៏ធុញដែរ នៅពេលដែលជិះឡានទៅ ឃើញហើយសួរថា អាហ្នឹងយ៉ាងម៉េចចិញ្ចើមផ្លូវហ្នឹង ផ្លូវហ្នឹងជីកទៀតហើយ។ ប៉ុន្តែរឿងដ៏ស៊ាំញ៉ាំច្រើន គឺរឿងដែលពាក់ព័ន្ធទៅនឹងថ្នាក់ក្រោមជាតិ ហើយកិច្ចការខ្លះថ្នាក់ក្រោមជាតិត្រូវធ្វើ អត់រង់ចាំនរណា អត់ចាំបាច់ស្ថាប័នទេ។ និយាយទៅក្នុងក្របខ័ណ្ឌទីក្រុងភ្នំពេញ គឺក្រុងធ្វើទាំងអស់ ដូច្នេះខ្ញុំអត់បន្ទោសក្រសួងសាធារណៈការទេ បន្ទោសមន្ទីរសាធារណការក្រុងតែម្តង បន្ទោសអភិបាលក្រុង នេះនិយាយឲ្យចំ។ អីចឹង សាំ ពិសិដ្ឋ ចាប់ពីពេលនេះទៅ ឡានត្រូវវិលកង់រហូត ប៉ុន្តែកុំទៅមើល តិចឲ្យទៅមើលផ្លូវមើលមែន ដូចធនញ្ជ័យឲ្យទៅចាំចម្ការ អញទៅចាំចម្ការអីតើ ត្រង់ក្របី គោ ចូលស៊ី អញអត់ដឹង ព្រោះនាយករដ្ឋមន្ត្រី បើអញមកមើលផ្លូវអីតើ ហើយខូចប៉ុន្មានអញមិនដឹង។ ការក្រើនរំលឹក របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីមានការរិះគន់ របស់ប្រជាពលរដ្ឋ ក៏ដូចជាការសង្កេត របស់សម្តេចផ្ទាល់ឃើញថា ផ្លូវ ដែលខូចមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ហាក់មានភាពយឺតយ៉ាវ ក្នុងការជួសជុល៕ ប្រភព :CEN
សម្តេចតេជោ សែន ប្រៀប សាំ ពិសិដ្ឋទៅនឹងធនញ្ជ័យ ថាឲ្យទៅមើលផ្លូវមើលមែន ត្រង់ផ្លូវខូច អញមិនដឹង គឺអង្គុយក្នុងឡានពាក់ក្រវាត់ក
Reviewed by Unknown
on
2:03:00 PM
Rating:
No comments: