បញ្ជាឲ្យចាប់ខ្លួនមន្ត្រីខិលខូច អសកម្ម បង្កឲ្យខូចកេរ្តិ៍ឈ្មោះមន្ត្រីល្អៗ
ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះមន្ត្រីខិលខូចមួយចំនួន ដែលក្រឡុកនាំឲ្យមានភាពអសកម្ម ក្នុងការផ្តល់សេវាសាធារណៈ អាចជាអ្នកដែលមាននិន្នាការ បម្រើបក្សក្រៅរដ្ឋាភិបាល គឺត្រូវចាប់ខ្លួនចៀសវាងការបង្កឲ្យខូចកេរ្តិ៍ឈ្មោះមន្ត្រីល្អៗ។
នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញដែលមានកម្ពស់ ១២ជាន់។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋបាលសាធារណៈ មិនមែនជារបស់បក្សនយោបាយណាមួយទេ ប៉ុន្តែមានបក្សនយោបាយខ្លះ បានប្រើប្រាស់នូវមនុស្សដែលខ្លួនចាត់តាំង បាននៅក្នុងរដ្ឋបាលសាធារណៈ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះនៃមន្ត្រីរដ្ឋបាលសាធារណៈ។ សម្តេចតេជោ បញ្ជាក់បែបនេះថា "ខ្ញុំសូមស្នើឲ្យមន្ត្រីដែលល្អៗ ចាប់ខ្លួនអាមនុស្សហ្នឹងដើម្បីផ្តន្ទាទោស ហើយលាងសងស្អាតភាពស្អាតស្អំសម្រាប់យើងវិញ"។
សម្តេចតេជោ ហ៊ុន សែន បានណែនាំជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រឹងប្រែងផ្តល់សេវាសាធារណៈ ជាពិសេសសេវាតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស តម្លៃត្រឹមត្រូវតាមច្បាប់កំណត់ ដើម្បីកុំបង្កឲ្យមានភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ មានប្រសាសន៍ថា “កន្លែងខ្លះ មន្ត្រីមួយពាន់នាក់ មានមន្ត្រីតែបួនប្រាំនាក់ទេ ដែលខិលខូច ប៉ុន្តែវាធ្វើឲ្យខូចមន្ត្រីមួយពាន់នាក់។ មិនមែនមន្ត្រីយើងខូចច្រើនជាងល្អទេ ភាគច្រើនល្អ ធ្វើការត្រឹមត្រូវ។ ប៉ុន្តែមួយចំនួនតូចណានោះ មានចេតនារុញឲ្យខ្លោច រោចឲ្យឆៅ ហើយតាមការស្រាវជ្រាវខ្លះ គឺជាមនុស្សរបស់បក្សផ្សេង គេចង់ធ្វើរឿងហ្នឹង ដើម្បីឲ្យរដ្ឋបាលរបស់យើងខូចឈ្មោះ”៕ ប្រភព: CEN
បញ្ជាឲ្យចាប់ខ្លួនមន្ត្រីខិលខូច អសកម្ម បង្កឲ្យខូចកេរ្តិ៍ឈ្មោះមន្ត្រីល្អៗ
Reviewed by Unknown
on
1:47:00 PM
Rating:
No comments: