ប្រវត្តិជីវិតលោកទុំ សារុត ហៅ ជីវិតពីអ្នកកំប្លែងក្លាយជាឧកញ៉ា
លោកឧកញ៉ាទុំ សារុត ហៅនាយឃ្លោក កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៥៧ នៅភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្ដស្វាយរៀង មានចម្ងាយ១២គីឡូម៉ែត្រ ពីព្រំដែនវៀតណាម ។លោកទុំ សារុត ជាកូនទី៦ក្នុងចំណោមបងប្អូន១០នាក់ ក្នុងនោះប្រុស៦នាក់ ។ ឪពុករបស់លោកមានឈ្មោះព្រំ ឆែម និងម្ដាយរបស់លោកឈ្មោះមាស ហ៊ាន អ្នកទាំងពីរជាកសិករ ។ ពួកគាត់ទាំង២បានស្លាប់បាត់បង់ជីវិតនៅសម័យរបបប៉ុល ពត ។លោកទុំ សារុត មិនមានឈាមជ័រជាអ្នកសិល្បៈទេ គឺក្នុងគ្រួសាររបស់លោកមានតែលោកម្នាក់ទេជាអ្នកសិល្បៈ ។នាយឃ្លោកបានរៀបការនៅក្នុងឆ្នាំ១៩៨០ ជាមួយអ្នកស្រី ព្រំ សាបុន ជាអ្នកមានស្រុកកំណើតនៅខេត្ដស្វាយរៀងដូចគ្នា។ លោកមានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ កូនប្រុសច្បងរបស់លោកបានស្លាប់ដោយគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១១ ។
មុនឆ្នាំ២០០០ ផ្ទះរបស់លោកទុំ សារុត នៅក្នុងសង្កាត់កំពង់លាវ ខេត្ដព្រៃវែង តែក្រោយមកលោកប្ដូរមករស់នៅក្រុងភ្នំពេញ នៅក្នុងឆ្នាំ១៩៩៩ ។ ទីលំនៅបច្ចុប្បន្នរបស់លោក ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្នុងឆ្នាំ១៩៧០ លោកទុំ សារុត រស់នៅខេត្ដស្វាយរៀងហើយពេលនោះអាយុ១៣ឆ្នាំ លោកបញ្ចប់ការសិក្សារត្រឹមថ្នាក់ទី១០ បើប្រៀបធៀបបច្ចុប្បន្នគឺថ្នាក់ទី៣ ។ មូលហេតុដែលលោកមិនបានរៀនខ្ពង់ខ្ពស់ ព្រោះឪពុកម្ដាយរបស់លោកជាកសិករមានជីវភាពក្រលំបាក និងប្រទេសជាតិសម័យនោះមាន សង្គ្រាម ទើបធ្វើលោកមានឱកាសរៀនបានតិចតួចប៉ុណ្ណោះ ។ នៅឆ្នាំ១៩៧៣ អាយុ១៦ឆ្នាំ ដោយមានការអំពាវនាវឱ្យចូលព្រៃម៉ាគី លោកទុំ សារុត បាន ស្មគ្រ័ចិត្ដចូលតាមការអំពាវនាវនោះ ព្រោះតែលោកមានចិត្តឈឺចាប់នៅពេលឃើញគេបាញ់កម្ទេចសាលារៀន វត្ដអារាមជាដើម ។
ដំបូងលោកទុំ សារុត ត្រូវគេបញ្ចូនធ្វើឈ្លបភូមិ៦ខែ ដើម្បីឱ្យស៊ាំនឹងកាំភ្លើង ហើយក៏ត្រូវគេជ្រើសរើសឱ្យចូលកងទ័ពស្រួចវរសេនាតូចលេខ១ ដោយបានហ្វឹកហាត់របៀបសឹកពីគ្រូវៀតណាម ។
ទៅដល់សមរភូមិទួលត្របែកដំបូងលោកទុំ សារុត ចូលប្រយុទ្ធតក់ស្លុតណាស់ ប៉ុន្តែ ក្រោយពេលប្រយុទ្ធច្រើនលើកមកឱ្យតែត្រូវចូលសមរភូមិ គឺរំភើបចង់ប្រយុទ្ធដោយមិនខ្លាចទេ ។ រហូតដល់ថ្ងៃទី១៣ មេសា ១៩៧៥ ខេត្តស្វាយរៀងត្រូវវាយបែកយកជ័យជម្នះលើកងទ័ពលន់ ណុល ជាថ្ងៃដំបូងដែលលោកទុំ សារុត បានឃើញទ័ពខ្មែរក្រហម សម្លាប់ទាហានលន់ ណុល យ៉ាងសាហាវ ។ មានមិត្តរួមការងារលោកជាច្រើនត្រូវគេចាប់ដាក់គុក សម្លាប់ នៅសល់តែលោក និងកូនចៅតូចតាចត្រូវបានគ្រប់គ្រងដោយពួកភូមិភាគនិរតី ។
ចុងក្រោយលោកទុំ សារុត បានជំលៀសខ្លួនចេញតាមឪពុកម្ដាយ ក្នុងឆ្នាំ១៩៧៧ ដោយទៅលាក់ខ្លួននៅកងចល័ត ។ ជាអកុសលក្នុងឆ្នាំនោះ ម្ដាយលោកស្លាប់បាត់បង់ជីវិតដោយសារជំងឺលើសឈាមទាំងវេទនា ។
ក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពត គឺនៅឆ្នាំ១៩៨០ ដោយសារមានការជ្រើសរើសអ្នកបញ្ចូលសំឡេង និងបញ្ចាំងភាពយន្ដ គួបផ្សំមានបងរបស់លោកម្នាក់ឈ្មោះទុំ សារិត ជាអ្នកបម្រើការងារនៅទីនោះស្រាប់ លោកសម្រេចចិត្ដចូលបម្រើការងារនៅមន្ទីរឃោសនាការវប្បធម៌ និងព័ត៌មានខេត្ដព្រៃវែង ក្នុងតួនាទីជាអ្នកបញ្ចូលសំឡេងកុនចល័តជាមួយបងប្រុស ។
អំឡុងឆ្នាំ១៩៨៩ ខ្មែរក្រហមអុកឡុកនៅតាមបណ្ដាខេត្ដទូទាំងព្រះរាជាណាចក្រកម្ពុជា និងមានការអំពាវនាវពីថ្នាក់ដឹកនាំឲ្យស្ម័គ្រចិត្តបម្រើជាតិ លោកទុំ សារុត ក៏បានស្ម័គ្រចិត្ដចូលបម្រើការងារជាកងនគរបាលជាតិ នៅក្នុងវរសេនាតូចA3 ជាប៉ូលិសប្រយុទ្ធ មានតួនាទីអ្នកដឹកស្បៀងទៅសមរភូមិគងពិសី កំពង់ស្ពឺ និងខេត្ដកំពង់ធំ ។
ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ លោកទុំ សារុត បានធ្វើជាអ្នកបើកបររថយន្ដនៅរោងចក្រ ដោយគេឱ្យគ្រប់គ្រងរថយន្ដ៧គ្រឿង ។ ស្របពេលនោះលោកទុំ សារុត ចាប់ផ្ដើមមានចិត្ដស្រឡាញ់វិស័យសិល្បៈ ។ ក្នុងឆ្នាំ២០០១ដដែល ប្រពន្ធលោកទុំ សារុត បានទៅទាក់ទងអ្នកបើករថយន្ដឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ដោយរៀបរាប់ពីការងាររបស់លោកធ្លាប់ធ្វើនៅមន្ទីរវប្បធ៌មខេត្ដនិងធ្លាប់បញ្ចូលសំឡេងកុន ធ្លាប់ធ្វើពិធីករបាល់ទាត់ និងប្រដាល់ជាដើម ។
ឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០១ លោកទុំ សារុត បានធ្វើជាអ្នកបើកបររថយន្ដនៅរោងចក្រ ដោយគេឱ្យគ្រប់គ្រងរថយន្ដ៧គ្រឿង ។ ស្របពេលនោះលោកទុំ សារុត ចាប់ផ្ដើមមានចិត្ដស្រឡាញ់វិស័យសិល្បៈ ។ ក្នុងឆ្នាំ២០០១ដដែល ប្រពន្ធលោកទុំ សារុត បានទៅទាក់ទងអ្នកបើករថយន្ដឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ដោយរៀបរាប់ពីការងាររបស់លោកធ្លាប់ធ្វើនៅមន្ទីរវប្បធ៌មខេត្ដនិងធ្លាប់បញ្ចូលសំឡេងកុន ធ្លាប់ធ្វើពិធីករបាល់ទាត់ និងប្រដាល់ជាដើម ។
ឆ្នាំ២០០២គេអនុញ្ញាតឱ្យលោកទុំ សារុត ចូលលេងសាកល្បងក្នុងកម្មវិធី Super Game ជាតួអង្គតូចតាច ។ នោះគឺជាឱកាស ដែលបានធ្វើឱ្យលោកទុំ សារុត ស្គាល់សមាជិកក្នុងក្រុមកំប្លែងនាយកុយ ។ ដោយមានអ្នកជួយជាច្រើនលោកក៏បានធ្វើជាអ្នកកំប្លែង ។ លោកទុំ សារុត មានមោទនភាពដែលបានចូលលេងកំប្លែងក្នុងក្រុមនាយកុយ និងធ្វើឲ្យទស្សនិកជនបានស្គាល់លោករហូតមកដល់បច្ចុប្បន្ន ។
ខណៈលោកទុំ សារុត បានចូលពិភពសិល្បៈឆ្នាំ២០០១នោះលោកក៏មានមុខរបរ បើកឡានដឹកដីទៀត ដោយលោកមានឡានដឹកដី១គ្រឿង ហើយបន្ដការរីកចម្រើនដោយសារមានទំនុកចិត្តពីអតិថិជន និងការជួយពីមិត្តភក្តិ ។
នៅដល់ឆ្នាំ២០១២ លោកទុំ សារុត ក៏ជួបគ្រោះថ្នាក់ដោយសារអាប៊ុលកិនជើង ហើយទៅ ព្យាបាលនៅវៀតណាម ។
លោកទុំ សារុត ទទួលបានគោរមងារឧកញ៉ាពីព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ហើយបច្ចុប្បន្នលោកជាទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ មុនពេលបានគោរមងារជាឯកឧត្តម និងឧកញ៉ានេះ លោកទុំ សារុត មានប្រវត្តិតស៊ូជាច្រើន បូករួមទាំងការងារសង្គមជាច្រើន ដោយលោកបានចូលរួមកសាងសមិទ្ធផលទាំងនៅទឹកដីកំណើត និងតំបន់មួយចំនួនទៀត ៕
ប្រភព kohsantepheapdaily
ប្រវត្តិជីវិតលោកទុំ សារុត ហៅ ជីវិតពីអ្នកកំប្លែងក្លាយជាឧកញ៉ា
Reviewed by Unknown
on
12:12:00 PM
Rating:
No comments: