ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើអង្គការសង្គមស៊ីវិលបង្រៀនផ្នែករដ្ឋបាលនិងសិទ្ធិមនុស្ស
ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើអង្គការសង្គមស៊ីវិលបង្រៀនផ្នែករដ្ឋបាលនិងសិទ្ធិមនុស្សពលរដ្ឋនៅវគ្គបណ្ដុះបណ្ដាលអំពីអភិបាលកិច្ចល្អក្នុងមូលដ្ឋានរបស់អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គមនៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៦.
តំណាងសហគមន៍ និងពលរដ្ឋនៅឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ចង់បានវគ្គបណ្ដុះបណ្ដាលផ្នែករដ្ឋបាល និងសិទ្ធិមនុស្ស ដើម្បីរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋានរបស់ខ្លួន។ តំណាងសហគមន៍បានអំពាវនាវភ្លាមៗក្រោយពីដឹងថា អង្គការមួយដែលធ្វើការពង្រឹងសមត្ថភាពសហគមន៍នៅក្នុងតំបន់ពួកគាត់ នឹងត្រូវបញ្ចប់គម្រោងនៅចុងឆ្នាំ២០១៦ ខាងមុខ។
តំណាងសហគមន៍ និងពលរដ្ឋឃុំក្បាលទឹក ឲ្យដឹងថា ត្បិតពួកគាត់ខ្លះទទួលបានចំណេះដឹងច្រើនពីវគ្គបណ្ដុះបណ្ដាលរបស់អង្គការនានា ប៉ុន្តែពួកគាត់នៅតែចង់បានការចែករំលែកបទពិសោធន៍ថ្មីៗ ដើម្បីសម្របទៅតាមការអភិវឌ្ឍសង្គម។ ពួកគាត់ថា ព្រៃឈើ និងសម្បត្តិធម្មជាតិជាច្រើនទៀត គឺជាកាតព្វកិច្ចដ៏លំបាករបស់ពលរដ្ឋក្នុងកិច្ចការពារឲ្យបានគង់វង្សពីជនខិលខូច ឬអ្នកបំផ្លាញជាតិ។
ក្រុមពលរដ្ឋលើកឡើងបែបនេះនៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់អង្គការយុវជនខ្មែរ និងការអភិវឌ្ឍ (KYSD) ស្ដីពីយុវជន និងសហគមន៍ នៅក្នុងបរិវេណវត្តមួយ នាឃុំក្បាលទឹក កាលពីពេលថ្មីៗ។
ពលរដ្ឋម្នាក់លោក គ្លូច ម៉ាន មានប្រសាសន៍ថា ពលរដ្ឋក្នុងមូលដ្ឋានលោករំពឹងលើអនុផលព្រៃឈើ ក្រៅពីធ្វើស្រែចម្ការតិចតួច ដូច្នេះលោកត្រូវយកចំណេះដឹងពីវគ្គបណ្ដុះបណ្ដាលនានាទៅតស៊ូមតិ ឬទប់ទល់នឹងជនល្មើសដែលបំផ្លាញធនធានធម្មជាតិ។
លោកបារម្ភថា ព្រៃឈើដែលអ្នកភូមិធ្លាប់អាស្រ័យផលនៅសល់មិនដល់ពាក់កណ្ដាលផងនោះ នឹងត្រូវហិនហោចអស់បើមិនទប់ស្កាត់៖ «ប៉ុន្តែខ្ញុំរំពឹង និងសង្ឃឹមថា យុវជនដូចជាខ្ញុំដែរជួយថែរក្សាព្រៃឈើទាំងអស់គ្នា នៅតំបន់ខ្ញុំនេះមិនអាចរស់អីបានក្រៅពីធនធានធម្មជាតិទេ។ ពីមុនមកខ្ញុំអត់បានយល់ដឹងអំពីយុវជនយ៉ាងម៉េច ឬយុវជនយ៉ាងម៉េចទេ តែពេលរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលមកទើបយល់ដឹងពីការថែទាំព្រៃឈើ និងការពង្រឹងនូវសិទ្ធិអំណាចរបស់ខ្លួន»។
ចំណែកប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំអន្លង់ស្វាយ លោក នុត ហេង ថ្លែងថា សហគមន៍បានលើកសំណើទៅអាជ្ញាធរឃុំ ដើម្បីស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែងជាង ២គីឡូម៉ែត្រ ឆ្ពោះទៅកាន់តំបន់ធម្មជាតិទឹកធ្លាក់។ លោកថា ពេលខ្លះការលើកឡើងពីបញ្ហា និងទុក្ខកង្វល់របស់ពលរដ្ឋនៅមូលដ្ឋានទៅអាជ្ញាធរ គឺមិនសូវមានប្រសិទ្ធភាពនោះទេដូចជារឿងធ្វើផ្លូវជាដើម៖«ចង់ឲ្យវគ្គបណ្ដុះបណ្ដាលទៅលើផ្នែកទេសចរណ៍ ឬបុគ្គលិកបម្រើការងារទេសចរណ៍ក្នុងសហគមន៍ ឲ្យបានចេះដឹងខ្លះ ដើម្បីអាចយកមកប្រើប្រាស់ក្នុងការងារទេសចរណ៍ហ្នឹងបាន»។
ក្រុមពលរដ្ឋ និងតំណាងសហគមន៍អះអាងថា ការឆ្លើយតបរបស់អាជ្ញាធរចំពោះបញ្ហាពលរដ្ឋនៅក្នុងមូលដ្ឋាននៅមានកម្រិត ដូចនេះអង្គការ ឬសមាគមជាអ្នកផ្ដល់ចំណេះដឹងយ៉ាងសំខាន់មួយសម្រាប់ពួកគាត់ ដើម្បីជំរុញភាពអសកម្មរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការដោះស្រាយរឿងអ្វីមួយ។ ការងារអភិវឌ្ឍន៍ជាច្រើនទៀត អ្នកស្រុកមិនដឹងថា ចូលរួមយ៉ាងណាទេ បើគ្មានការអប់រំពីមន្ត្រីសង្គមស៊ីវិល។
ប្រធានគម្រោងនៃអង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម គឺកញ្ញា ឱក សេរីរ័ត្ន មានប្រសាសន៍ថា យុវជននៅតាមមូលដ្ឋានមានភាពក្លាហាន និងចូលរួមសកម្មភាពអភិវឌ្ឍជាមួយអាជ្ញាធរឃុំច្រើនជាងមុន ក្រោយពីគម្រោងបានចងក្រងជាក្រុមយុវជនកាលពីចុងឆ្នាំ២០១៤។
កញ្ញាថា ការងារល្បាត និងសកម្មភាពសម្អាតបរិស្ថាន បានធ្វើជាទៀងទាត់យ៉ាងហោចណាស់ពីរដងក្នុង១ខែៗ៖ «នៅឆ្នាំ២០១៥ យើងចាប់ផ្ដើមគាំទ្រសកម្មភាព ថវិកា និងសម្ភារៈមួយចំនួនដល់សហគមន៍ ព្រោះនៅនេះមានតំបន់ការពារធនធានធម្មជាតិ ហើយមួយទៀត រឿងអភិបាលកិច្ចល្អ យើងសម្របសម្រួលឲ្យមានការចូលរួមរវាងពលរដ្ឋ និងអាជ្ញាធរធ្វើការងារជាមួយគ្នា។ លើកពីបញ្ហាហើយ ដាក់បញ្ចូលផែនការបញ្ចូលផែនការវិនិយោគឃុំ ឬផែនការអភិវឌ្ឍភូមិឃុំ»។
មន្ត្រីរូបនេះឲ្យដឹងថា គម្រោងពង្រឹងសមត្ថភាពសហគមន៍នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៦ ប៉ុន្តែអង្គការនៅតែបន្តផ្ដល់ថវិកាគាំទ្រសហគមន៍ឲ្យធ្វើសកម្មភាពដោយខ្លួនឯង។ គម្រោងនេះ កំពុងអនុវត្តនៅក្នុងឃុំចំនួនបី នៃស្រុកទឹកផុស គឺនៅឃុំជៀប ក្រាំងស្គារ និងឃុំក្បាលទឹក ដើម្បីឲ្យប្រជាពលរដ្ឋ ឬអ្នកអភិរក្សព្រៃសហគមន៍យល់ដឹងកាន់តែច្បាស់ពីតួនាទីរបស់ខ្លួន និងការការពារធនធានធម្មជាតិ។
អភិបាលស្រុកទឹកផុសលោក ម៉េង ហាក់ ថ្លែងយ៉ាងខ្លីមុននឹងចុចផ្ដាច់ទូរស័ព្ទថា ពលរដ្ឋ និងតំណាងសហគមន៍ បានចូលរួមក្នុងការងារអភិវឌ្ឍជាមួយអាជ្ញាធរព្រមៗគ្នា។ ផ្ទុយពីការថ្លែងនេះសមាជិកក្រុមប្រឹក្សាស្រុកម្នាក់ កូតាពីគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា កុំថាឡើយសហគមន៍មានសមត្ថភាពខ្លាំង សូម្បីអភិបាលកិច្ចល្អក្នុងមូលដ្ឋានក៏គ្មានដែរ។
លោកថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព និងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែការងារនេះឋិតនៅក្នុងអន្តរកាល ឬបណ្ដោះអាសន្ន ខណៈដែលអាជ្ញាធរស្រុក និងឃុំខ្លះពុំមានសិទ្ធិអំណាច និងការទទួលខុសត្រូវចំពោះការងារជាក់ស្ដែងនៅក្នុងមូលដ្ឋាន។ ប៉ុន្តែលោកថា អង្គការក្រៅរដ្ឋាភិបាលបានរួមចំណែកច្រើនក្នុងការអប់រំស្ដីពីសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អនៅមូលដ្ឋាន។
ចំណែកអ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង លោក ម៉ម ឈឿម បដិសេធចំពោះការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាស្រុកទឹកផុសនេះ ហើយថា អាជ្ញាធរបានយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពសហគមន៍ ឬផ្ដល់ឱកាសឲ្យពលរដ្ឋចូលរួមអភិវឌ្ឍមូលដ្ឋានជាមួយអាជ្ញាធរ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាឃុំ ឬស្រុក និងវេទិកាសាធារណៈ ហើយការងារនេះអនុវត្តបានច្រើននៅតាមមូលដ្ឋាន៖ «ដូចជាប្រមូលផ្ដុំប្រជុំអីហ្នឹង អាជ្ញាធរតែងតែយកចិត្តទុកដាក់ ហើយចំពោះការងារអ្វីដែលជាផលប្រយោជន៍រួម និងផលប្រយោជន៍ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋលើកឡើងតាមវេទិកាសាធារណៈ ខាងអាជ្ញាធរតែងយកមកពិភាក្សាដើម្បីដោះស្រាយ»។
មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អ គឺការចូលរួមនីតិរដ្ឋ តម្លាភាព ការព្រមព្រៀងឯកភាពគ្នា ប្រសិទ្ធភាពខ្ពស់ សមធម៌ គណនេយ្យភាព និងការឆ្លើយតប។ បច្ចុប្បន្នកម្ពុជា កំពុងអនុវត្តតាមទម្រង់នេះ ប៉ុន្តែលទ្ធផលនៃការងារជាក់ស្ដែងត្រូវបានគេមើលឃើញថា នៅមានកម្រិត ហើយពលរដ្ឋមួយចំនួនតែងតែចេញមុខរិះគន់ចំពោះការអនុវត្តការងារនៅតាមគ្រឹះស្ថានសាធារណៈនោះ នៅពេលដែលមិនទទួលបានសេវាកម្មត្រឹមត្រូវ។
អង្គការយុវជនខ្មែរ និងការអភិវឌ្ឍកំពុងពង្រឹងលើបញ្ហាសិទ្ធិមនុស្ស ធនធានធម្មជាតិ និងអភិបាលកិច្ចល្អដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ តាមរយៈការពង្រឹងនេះគេសង្ឃឹមថា តំណាងសហគមន៍កាន់តែមានសមត្ថភាព និងក្លាហានចេញមុខតស៊ូមតិនូវអ្វីដែលអាជ្ញាធរអនុវត្តមិនត្រឹមត្រូវ។ អង្គការអាចបន្តផ្ដល់ថវិកាហូតចប់ឆ្នាំ២០១៦ ឬច្រើនឆ្នាំទៅមុខទៀត បើម្ចាស់ជំនួយនៅតែគាំទ្រលើគម្រោង៕
ប្រភព camnews
ពលរដ្ឋនៅខេត្តកំពង់ឆ្នាំងស្នើអង្គការសង្គមស៊ីវិលបង្រៀនផ្នែករដ្ឋបាលនិងសិទ្ធិមនុស្ស
Reviewed by Unknown
on
8:31:00 AM
Rating:
No comments: