ការស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាលទៅលើលោក កឹម សុខា
ការស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាលទៅលើលោក កឹម សុខា បណ្ដាលឲ្យមានសំណួរជាច្រើន
បន្ទាប់ពីការប្រកាសថា អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស៊ើប អង្កេតទៅលើការចោទប្រកាន់ថា លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានទិញទ្រព្យសម្បត្តិដោយខុសច្បាប់ឲ្យស្រីកំណាន់ម្នាក់នោះ អ្នកវិភាគនយោបាយ និងសាធារណជនកាលពីថ្ងៃសុក្រមានចម្ងល់ថា ហេតុអ្វីករណីមិនរឹងមាំប្រឆាំងនឹងលោក កឹម សុខា ត្រូវបានធ្វើយ៉ាងឆាប់រហ័ស និងមិនដកថយ។
លោក សុខា បានជំពាក់វាក់វិនក្នុងរឿងអាស្រូវផ្លូវភេទកាលពីដើមខែនេះ នៅពេលដែលខ្សែអាត់សំឡេងបែកធ្លាយតាមអុីនធឺណិតទាក់ទងនឹងបុរសម្នាក់ដែលគេអះអាងថាជាអ្នកនយោបាយម្នាក់ ដោយនិយាយសាសងណាត់រួមភេទជាមួយស្ត្រីម្នាក់ដែលមិនស្គាល់ឈ្មោះ ដោយសន្យាថាឲ្យប្រាក់កាស និងមានគម្រោងទិញផ្ទះល្វែងពីរខ្នង និងដីមួយឡូតិ៍ឲ្យនាង។
កាលពីថ្ងៃព្រហស្បតិ៍ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា អង្គភាពរបស់លោកនឹងបើកការស៊ើបអង្កេតបន្ទាប់ពីសន្និដ្ឋានថា បុរសម្នាក់នៅក្នុងខ្សែអាត់សំឡេងនោះគឺជាលោក សុខា ដោយផ្អែកលើពាក្យបណ្ដឹងរបស់និស្សិតមួយក្រុម ដែលឈឺឆ្អាលទាមទារឲ្យអនុប្រធានបក្សប្រឆាំងរូបេនះចេញមកបកស្រាយការចោទប្រកាន់អំពីការផិតក្បត់។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះក៏បានប្រកាសថា មន្ត្រីរបស់លោកនឹងវិភាគការប្រកាសទ្រព្យសម្បត្តិដែលបិទស្រោមសំបុត្រ ដែលលោក សុខា ដាក់ជូនអង្គភាពនេះ ព្រោះថា អ្នកនយោបាយគ្រប់រូបត្រូវប្រកាសទ្រព្យសម្បត្តិស្ថិតក្រោមច្បាប់ប្រឆាំងអំពើពុករលួយនាឆ្នាំ២០១០ ដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើលោកអនុប្រធានបក្សប្រឆាំងរូបនេះបានប្រកាសទ្រព្យទិញដោយត្រឹមត្រូវដែលមានការជជែកគ្នានៅក្នុងសម្ដីសាសង ឬយ៉ាងណា។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាអនាគត បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ករណីនេះគួរជាកម្លាំងចលករមួយសម្រាប់មន្ត្រីរដ្ឋាភិបាលដទៃទៀតត្រូវធ្វើតាម ហើយអនុញ្ញាតឲ្យទ្រព្យធនរបស់គេស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់។ អ្នកវិភាគរូបេនះបានបញ្ជាក់ថា ក្នុងឆ្នាំ២០១១លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចំពោះអង្គភាពប្រឆាំងអំពើពុករលួយថា ប្រាក់បៀវត្សរ៍ប្រចាំខែរបស់លោកគឺត្រឹមតែ១.១៥០ដុល្លារតែប៉ុណ្ណោះ។
អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា “រឿងមួយដែលគេគួរធ្វើគឺត្រូវបើកលិខិតប្រកាសទ្រព្យសម្បត្តិគ្រប់ៗគ្នា ពីព្រោះមនុស្សទាំងនេះភាគច្រើនគឺពិតជាមានទ្រព្យសម្បត្តិមានតម្លៃច្រើនណាស់ ដូចជាផ្ទះសំបែង វីឡា រថយន្តផ្សេងៗគ្នា និងលុយច្រើន អ៊ីចឹងបើកទាំងអស់តែម្ដងទៅ”។
អ្នកវិភាគរូបនេះបានមានប្រសាសន៍ថា “ដូច្នេះមន្ត្រីជាច្រើនមានប្រាក់កាសច្រើន ហើយដាក់ចូលធនាគារ គឺភាគច្រើនមិនបានពន្យល់ទេ។ ជាឧទាហរណ៍ លោកក្រឡេកមើលលោក ហ៊ុន សែន និងប្រាក់ចំណូលរបស់លោក គឺលោកបានមានប្រសាសន៍ថា លោកមិនមានលុយកាក់ច្រើនទេ”។
អ្នកវិភាគរូបនេះបាននិយាយថា ការផ្ដោតចំៗទៅលើលោក សុខា គឺផ្ដល់ចំណាប់អារម្មណ៍ថា ការស៊ើបអង្កេតនេះគឺលម្អៀងខាងនយោបាយ។
អ្នកវិភាគរូបនេះបានមានប្រសាសន៍បន្តថា “បើលោកក្រឡេកមើលករណីនេះ វាជារឿងនយោបាយសុទ្ធសាធ។ ច្បាស់ណាស់ចំពោះមនុស្សភាគច្រើនដែលថា កឹម សុខា កំពុងត្រូវគេសំដៅមករក ពីព្រោះលោកជាមេដឹកនាំគណបក្សប្រឆាំងម្នាក់ក្នុងបណ្ដាមេដឹកនាំគណបក្សប្រឆាំងដទៃទៀត។ សារទាំងស្រុងទំនងជាមានគម្រោងយ៉ាងល្អ ហើយរៀបចំយ៉ាងល្អិតល្អន់”។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ក៏មានសំណួរទៅលើហេតុផលរបស់រដ្ឋាភិបាលក្នុងការសំដៅទៅលើលោក សុខា ដែរ ដោយបញ្ជាក់ថា ក៏មានភ័ស្តុតាងគ្រប់គ្រាន់ទាក់ទងនឹងអំពើពុករលួយក្នុងបណ្ដាអ្នកនយោបាយផ្សេងទៀត។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជារូបនេះបានមានប្រសាសន៍នៅក្នុងសារអុីម៉េលថា “អាចមានដានគ្រប់គ្រាន់ មានដូចជា វីឡា ឬភូមិគ្រឹះធំស្ដុកស្ដម្ភ រថយន្តប្រណីតៗ ជីវភាពហ៊ឺហារបស់ពួកគេ ឬរបស់សមាជិកគ្រួសារពួកគេ ហើយរបៀបដែលគេចាយវាយលុយកាក់ គឺស្រដៀងគ្នាទៅនឹងការចោទប្រកាន់ប្រឆាំងលោក កឹម សុខា ដែរ”។
ប្រធានប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជារូបនេះបានមានប្រសាសន៍បន្ថែមថា “បើអង្គភាពប្រឆាំងអំពើពុករលួយបានចាត់វិធានការទៅលើពាក្យបណ្ដឹងផ្សេងទៀតដូចគ្នាដែរ វានឹងមានអត្ថប្រយោជន៍ធំធេងសម្រាប់សង្គមកម្ពុជា។ បើពុំនោះទេ នឹងមានការយល់ឃើញខ្លះថា វិធានការទៅលើករណីលោក កឹម សុខា អាចមានឥទ្ធិពល ឬមានហេតុផលខាងនយោបាយប៉ុណ្ណោះ”។
លោក សន ជ័យ តំណាងបណ្ដាញគណនេយ្យភាពសង្គម ជាក្រុមតស៊ូមតិដែលផ្ដោតលើអភិបាលកិច្ចល្អ បានមានប្រសាសន៍ថា មិនអាចទៅរួចទេដែលអង្គភាពប្រឆាំងអំពើពុករលួយអាចសន្និដ្ឋានថា សំឡេងនៅក្នុងខ្សែអាត់សំឡេងនោះជារបស់លោក កឹម សុខា។
លោក សន ជ័យ បានមានប្រសាសន៍ថា “អង្គភាពប្រឆាំងអំពើពុករលួយមិនបានចំណាយពេលគ្រប់គ្រាន់ដើម្បីរកឲ្យឃើញប្រភពនៃការចាយវាយ ហើយក៏មិនបានបញ្ជាក់ថា សំឡេងនោះជារបស់លោក កឹម សុខា ដែរ…គឺវាគ្រាន់តែផ្អែកលើសេចក្ដីសន្និដ្ឋានផ្ទាល់ [របស់អង្គភាពប្រឆាំងអំពើពុករលួយ] ប៉ុណ្ណោះ។
លោកបាននិយាយថា “តាមខ្ញុំយល់ ការសម្រេចចិត្តរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការទទួលយកពាក្យបណ្ដឹង គឺមានចំណុចគួរឲ្យសង្ស័យជាច្រើន ហើយធ្វើឲ្យពលរដ្ឋជឿថា វាមានហេតុផលផ្នែកនយោបាយ”។
លោក កែវ រ៉េមី អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានចុចបិទទូរស័ព្ទពីអ្នកយកព័ត៌មាននៅពេលសុំឲ្យធ្វើការអត្ថាធិប្បាយ ហើយមន្ត្រីផ្សេងទៀតនៅអង្គភាពនេះក៏មិនអាចទាក់ទងបានដែរ។
សាធារណជនក៏មានចម្ងល់ថា ហេតុអ្វីក៏ករណីមួយនេះត្រូវគេធ្វើយ៉ាងយកចិត្តទុកដាក់ដូច្នេះទេ។
លោក ភួន ផា អ្នកបើករ៉ឺម៉កម៉ូតូកង់បីបាននិយាយថា “ខ្ញុំសង្ស័យខ្លាំងណាស់ចំពោះរឿងនេះ។ ហេតុអីក៏គេទាមទារបើកលិខិតប្រកាសទ្រព្យសម្បត្តិរបស់លោក កឹម សុខា ប៉ុន្តែមន្ត្រីផ្សេងទៀតអត់ទៅវិញ? ចុះហេតុអីគេគ្រាន់តែផ្ដោតលើលោក កឹម សុខា? ខ្ញុំគិតថា ជារឿងនយោបាយ”។
អ្នកបើករ៉ឺម៉កម៉ូតូកង់បីរូបនេះបាននិយាយបន្ថែមថា “តាមគំនិតខ្ញុំផ្ទាល់ ខ្ញុំចង់ឃើញសម្ដេច ហ៊ុន សែន ប្រកាសការចំណាយរបស់លោក ពីព្រោះសម្ដេចគឺជាមេដឹកនាំ ហើយធំជាងគេក្នុងជួររដ្ឋាភិបាល។ គឺចាប់ផ្ដើមពីគាត់មុន ហើយបន្ទាប់មកទៅដល់ថ្នាក់ក្រោម។ ប្រាក់ខែគាត់មិនច្រើនទេ អ៊ីចឹងមានន័យថា [ប្រាក់កាសគាត់] ប្រហែលបានមកពីអំពើពុករលួយ”។
មន្ត្រីនគរបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មានការលាក់ពុតត្បុតចំពោះបញ្ហាទាំងមូលនេះ។
មន្ត្រីនគរបាលរូបនេះបានសួរថា “នេះជារឿងផ្ទាល់ខ្លួនទាក់ទងនឹងលោក កឹម សុខា។ ខ្ញុំជឿច្បាស់ថា មន្ត្រីដទៃទៀតគឺធ្វើដូចតែគ្នា។ ចុះហេតុអីគេត្រូវបើកសំបុត្រប្រកាសទ្រព្យសម្បត្តិរបស់គាត់? សូម្បីតែខ្ញុំក៏មានស្រីស្នេហ៍ដែរ នរណានឹងប្ដឹងខ្ញុំ”៕
ប្រភព Cambodia Daily
ការស៊ើបអង្កេតអំពើពុករលួយរបស់រដ្ឋាភិបាលទៅលើលោក កឹម សុខា
Reviewed by Unknown
on
8:11:00 AM
Rating:
No comments: