សាក្សី​រៀបរាប់​អំពី​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ​ជា​ឃាតករសម្លាប់លោក បណ្ឌិត កែម ឡី (មានវីដេអូ)

បន្ទាប់ពីការសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ នៅស្ថានីយប្រេងមួយកន្លែងក្នុងក្រុងភ្នំពេញ សាក្សីជាច្រើននាក់និយាយថា អឿត អាង បានដើរយ៉ាងលឿនតាមមហាវិថីម៉ៅសេទុងនិងមហាវិថីសុធារស ម្តងគ្រវីកាំភ្លើង ម្តងលាក់កាំភ្លើង ខណៈដែលម៉ូតូកាន់តែច្រើនដេញតាមពីក្រោយគាត់។
សាក្សីជាច្រើននាក់បាននិយាយថា អឿត អាង បានប្រឈមនឹងសន្តិសុខនិងនគរបាលបីលើក ប៉ុន្តែនៅតែរត់រហូតទៅដល់វត្តមួយ ដែលនៅទីនោះគាត់លែងគេចខ្លួនរួច ហើយត្រូវវាយហូរឈាមពីសំណាក់ក្រុមមនុស្ស ដែលគេជឿថា ពួកគេកំពុងដេញតាមចោរ។
ចាប់តាំងពីមរណភាពរបស់លោក កែម ឡី នៅព្រឹកថ្ងៃទី១០ខែកក្កដាមក សមត្ថកិច្ចបាននិយាយតិចតួចអំពីរយៈពេល៣០នាទី រវាងពេលកើតឡើងឃាតកម្មនិងការចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់ ដែលបានប្រាប់ឈ្មោះរបស់ខ្លួនថា “ជួប សម្លាប់”។ទោះជាយ៉ាងនេះក្តី សាក្សីនៅតាមបណ្តោយមហាវិថីទាំងពីរដែលមានមនុស្សអ៊ូអរបានរៀបរាប់អំពីការរត់គេចខ្លួនចម្ងាយ១,៥គីឡូម៉ែត្ររបស់ខ្មាន់កាំភ្លើង។
កម្មករ លី ឆូងសុខា ដែលបានមើលឃើញឧប្បត្តិហេតុនោះកើតឡើងពីការដ្ឋានសំណង់នៅម្ខាងផ្លូវបាននិយាយថា បន្ទាប់ពីការបាញ់ស្លាប់ ខ្មាន់កាំភ្លើងបានស្ទុះចេញពីហាងនៅស្ថានីយកាល់តិច និងបានចាប់ផ្តើមរត់តាមបណ្តោយផ្លូវម៉ៅសេទុង ដេញតាមដោយភ្ញៀវនិងអ្នកផ្សេងទៀត។
ឆូងសុខា បាននិយាយថា នៅពេលគាត់រត់ទៅហួសហាងកាហ្វេ ប្រោន ខុហ្វី (Brown Coffee) នៅចំពីក្រោយស្ថានីយនោះ ខ្មាន់កាំភ្លើងរូបនេះបានភ្ជង់អ្នកដំណើរឆ្លងកាត់ ជាការព្រមានកុំឲ្យចូលជិត។
គាត់បាននិយាយថា “គេបានស្រែកថា ‘ចោរៗ!’ ” ហើយនៅពេលឃើញកាំភ្លើង គេក៏ថយក្រោយ”។
សន្តិសុខវ័យជំទង់ម្នាក់នៅហាងមួយក្បែរនោះ ដែលសុំមិនប្រាប់ឈ្មោះព្រោះខ្លាចមានការសងសឹក បាននិយាយថា សន្តិសុខនៅហាងប្រោនបានស្ទុះទៅរកខ្មាន់កាំភ្លើងប្រុងឃាត់ខ្លួនគាត់ នៅពេលនោះជននេះបានបង្ហាញកាំភ្លើងរបស់ខ្លួន។
សន្តិសុខរូបនេះបាននិយាយថា “ខ្មាន់កាំភ្លើងដើរធម្មតា។ គ្មាននរណាដេញតាមគាត់ទេ។ អ្នករត់ម៉ូតូឌុបម្នាក់បានស្រែកថា ‘ចោរៗ!’ ហើយសន្តិសុខហាងប្រោនបានព្យាយាមឃាត់ខ្លួនគាត់ ប៉ុន្តែនៅពេលនោះ ជននេះបានដកកាំភ្លើង ហើយពួកគេក៏ដកថយ”។
លោក ដួង សុខេង សន្តិសុខនៅហាងលក់ទំនិញងាយៗកាច់ជ្រុងផ្លូវម៉ៅសេទុងនិងផ្លូវលេខ៦៣បាននិយាយថា បន្ទាប់ពីគំរាមសន្តិសុខនៅហាងកាហ្វេនោះ ខ្មាន់កាំភ្លើងរូបនេះបានបន្តដំណើរតាមផ្លូវនោះទៀត ខណៈដែលម៉ូតូប្រាំឬប្រាំមួយគ្រឿងបើកតាមពីក្រោយគាត់នៅចម្ងាយប្រហែល៥០ម៉ែត្រ។
លោក សុខេង បាននិយាយថា “គាត់ដើរយ៉ាងលឿន។ មានមនុស្សមួយចំនួនស្រែកពីក្រោយគាត់ ប៉ុន្តែពួកគេមិនហ៊ានទៅជិតទេ ពីព្រោះគាត់មានកាំភ្លើង”។
“គាត់កាន់កាំភ្លើងក្នុងអាវរបស់គាត់។ គាត់មើលទៅដូចធម្មតា។ ខ្ញុំខ្លាចណាស់ អ៊ីចឹងហើយ ខ្ញុំមិនហ៊ានចូលជិតទេ”។
ឡាយ អេង អ្នកលក់ផ្កានៅកាច់ជ្រុងនោះបាននិយាយថា បន្ទាប់មកខ្មាន់កាំភ្លើងនោះរត់ឆ្លងមហាវិថីនរោត្តម មុនពេលដើរទៅទិសខាងជើងលើផ្លូវសុធារស។
សាក្សីបាននិយាយថា នៅត្រង់នោះ មនុស្សជាច្រើននាក់ជិះម៉ូតូដេញតាមគាត់ មានតាំងពីមន្ត្រីនគរបាលម្នាក់ផង ដែលទំនងជាបានបញ្ចុះបញ្ចូលគាត់មួយភ្លែតឲ្យប្រគល់ខ្លួននៅខាងក្រៅសណ្ឋាគារសូហ្វីតែល។
សាក្សីម្នាក់ដែលប្រាប់តែឈ្មោះ ភក្តិ បាននិយាយថា “នៅពេលគាត់នៅទីនេះ មន្ត្រីនគរបាលម្នាក់បានបើកម៉ូតូពីក្រោយគាត់និងបានស្រែកថា ‘ហេតុអីបានឯងធ្វើរឿងហ្នឹង? និយាយមក’ ” និងបានធ្វើសញ្ញាឲ្យគាត់ឡើងជិះម៉ូតូពីក្រោយ។
លោក ភក្តិ បាននិយាយថា “ឃាតកររូបនេះបន្ទាប់មកហៀបនឹងឡើងជិះម៉ូតូ តែនៅពេលនោះបានឈប់វិញ ដកកាំភ្លើងចេញពីកាបូបហើយកាន់ដើរ។ ហើយមន្ត្រីនគរបាលនោះបានឈប់តាម”។
លោក ណយ សំណាង អ្នករត់ម៉ូតូឌុប ដែលចាំម៉ូយនៅខាងក្រៅផ្សារទំនើបអីុអន បាននិយាយថា ខ្មាន់កាំភ្លើងនៅពេលនោះបានដើរកាត់ផ្សារទំនើបនេះ។ លោកបាននិយាយថា ជននេះហាក់ដូចជាមិនខ្វល់ខ្វាយ ថែមទាំងមិនចាប់អារម្មណ៍អ្វីទេ នៅពេលគាត់បន្តដើរទៅទិសខាងជើងតាមផ្លូវមានមនុស្សកកកុញនេះ។
លោក សំណាង បាននិយាយថា “មានម៉ូតូប្រហែល៣០គ្រឿងតាមគាត់ ប៉ុន្តែពួកគេបានត្រឹមតែតាមប៉ុណ្ណោះ មិនបានព្យាយាមឃាត់គាត់ទេ ពីព្រោះគាត់ដើរមានកាំភ្លើងនៅនឹងដៃ។ គាត់មិនបានគំរាមកំហែងនរណាទេ គាត់ចេះតែដើរ ហាក់បីដូចជាដើរក្នុងសួនច្បាររបស់គាត់អ៊ីចឹង”។លោកបាននិយាយថា ប៉ុន្តែខ្មាន់កាំភ្លើងនេះបានចាប់ផ្តើមរត់យ៉ាងលឿននៅពេលដែលមន្ត្រីនគរបាលពីរនាក់តម្រង់កាំភ្លើងសំដៅគាត់នៅខាងក្រៅស្ថានទូតរុស្ស៊ី។
លោកបាននិយាយថា “គាត់បានទម្លាក់កាំភ្លើងរបស់គាត់ចោល នៅពេលដែលមន្ត្រីប៉ូលិសភ្ជង់គាត់។ ខ្ញុំតាមគាត់រហូតដល់គាត់រត់ទៅដល់វត្ត ហើយបន្ទាប់មកយើងបានវាយទាត់ធាក់គាត់”។
អិន បូណា ជាងកាត់សក់ដែលប្រកបរបរនេះលើផ្លូវជាប់នឹងវត្តស្វាយពពែ បាននិយាយថា លោកជឿថា មន្ត្រីទាំងនោះចេញមកពីខាងក្នុងស្ថានទូតរុស្ស៊ី។
លោក បូណា បាននិយាយថា “នៅពេលជននេះទៅដល់អីុអន អ្នករត់ម៉ូតូឌុបនិងមនុស្សជាច្រើននាក់បានតាមពីក្រោយគាត់។ ខ្ញុំបានឮគេស្រែកថា ‘វាជាចោរ!’។ គេនិយាយថា វាបានឆក់ខ្សែករបស់ជនបរទេស។ វាកំពុងតែរត់”។
លោកបាននិយាយថា “នគរបាលពីស្ថានទូតរុស្ស៊ីបានរត់កាត់ផ្លូវ ហើយបានភ្ជង់កាំភ្លើងនិងប្រាប់ឲ្យគាត់ទម្លាក់កាំភ្លើង។ ក្រោយពីគាត់បានទម្លាក់កាំភ្លើងហើយ គាត់មិនបាននិយាយអ្វីទេ គាត់បានព្យាយាមរត់គេចខ្លួន”។
មួយប្លុកបន្ទាប់មក គាត់ត្រូវបានគេស្ទាក់ជាប់នៅខ្លោងទ្វារវត្ត ហើយភ្លាមនោះក្រុមមនុស្សបានចាប់ផ្តើមវាយជននោះដែលគេគិតថាជាចោរ។
លោកបាននិយាយបន្ថែមថា “បន្ទាប់ពីគាត់ទម្លាក់កាំភ្លើងចោល គាត់បានព្យាយាមរត់ចូលវត្តនោះហើយមនុស្សជាច្រើននាក់បានស្ទាក់ផ្លូវគាត់។ អ្នកទាំងនោះបានដាល់និងទាត់ធាក់គាត់”។
លោក បូណា បាននិយាយថា មនុស្សប្រហែល២០ទៅ៣០នាក់វាយលោក អាង ប្រហែលជា១០នាទី មុនពេលនគរបាលធ្វើអន្តរាគមន៍ ហើយដាក់ខ្មាន់កាំភ្លើងដែលបែកឈាមឲ្យជិះម៉ូតូពីក្រោយ។
ស្គាល់ឈ្មោះជាផ្លូវការថា “ជួប សម្លាប់” លោក អាង នៅថ្ងៃទី១៣ខែកក្កដាត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើលោក កែម ឡី។ ក្នុងវីដេអូសារភាព អតីតសង្ឃនិងទាហានរូបនេះបាននិយាយថា គាត់បានសម្លាប់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះ ដោយសារតែជំពាក់ប្រាក់៣.០០០ដុល្លារ ក៏ប៉ុន្តែមជ្ឈដ្ឋានជាច្រើនសង្ស័យថា ឃាតកម្មនេះគឺជារឿងនយោបាយទៅវិញ។
សាក្សីជាច្រើននាក់ដែលបានឃើញការរត់គេចខ្លួនរបស់លោក អាង បាននិយាយថា ពួកគេនឹងបញ្ចេញកំហឹងសងសឹក បើសិនពួកគេបានដឹងអត្តសញ្ញាណគាត់នៅថ្ងៃទី១០ខែកក្កដានោះ ថាគាត់សម្លាប់អ្នកវិភាគនយោបាយ។
លោក បូណា បាននិយាយថា “ប្រសិនបើខ្ញុំបានដឹងមុនព័ត៌មាននេះផ្សព្វផ្សាយនោះ ប្រហែលខ្ញុំទៅវាយគាត់ហើយ”។
លោក អួង សំអឿង ដែលកាត់សក់នៅក្បែរនោះ បាននិយាយថា ស្ថានភាពនឹងខុសគ្នាស្រឡះ ប្រសិនបើអ្នកដែលដេញតាមទាំងនោះបានដឹងថា គាត់ពិតជាបានសម្លាប់មនុស្សម្នាក់ក្នុងចំណោមអ្នកអត្ថាធិប្បាយនយោបាយដែលគេគោរពបំផុតរបស់ប្រទេសនេះ។
លោកបាននិយាយថា “មនុស្សជាច្រើនបានគិតថា គាត់ជាចោរដែលបានលួចជនបរទេស។ ប្រសិនបើពួកគេបានដឹងថា គាត់បានសម្លាប់លោក កែម ឡី វិញនោះ គាត់មុខជាត្រូវសម្លាប់ដោយប្រជាជននៅតាមផ្លូវនោះហើយ”។
ប្រភព cambodiadai
កំណត់ហេតុខ្មែរផ្លើស ៖ ព្រះសង្ឃមួយអង្គនៅខេត្តបាត់ដំបងអះអាងថាព្រះអង្គរងការគំរាមចាប់ផ្សឹកនិងចាប់ដាក់គុកដោយចោទពីបទល្មើសជាច្រើនករណី បន្ទាប់ពីព្រះអង្គបានចូលរួមទេសនាបុណ្យសពលោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១៣ ខែកក្កដា។
ព្រះតេជគុណ ឃឹម សំអឿន ដែលត្រូវបានដឹងថាជាព្រះសង្ឃសកម្មក្នុងការរិះគន់រដ្ឋាភិបាល គង់នៅវត្តភ្នំខ្ពស់ ស្រុកបាណន់ ខេត្តបាត់ដំបង មានសង្ឃដីកាប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ពេលនេះព្រះអង្គកំពុងភៀសព្រះកាយពីការតាមចាប់ដោយអាជ្ញាធរ។
ព្រះអង្គថាកាលពីយប់ម៉ិញនេះអភិបាលស្រុកបាណន់បានប្រកាសនៅក្នុងវេទិកាសាធារណៈនៅវត្តគិរីជុំ ក្នុងឃុំតាក្រៀម ថានឹងចាត់វិធានការចាប់ព្រះអង្គផ្សឹក ហើយបញ្ជូនទៅតុលាការដោយថាព្រះអង្គលួចដុតសាលាឆាន់ មានស្រីក្មេង លួចលុយវត្ត កាយប្រឡាយបំផ្លាញសម្បត្តិសាធារណៈ ដេញកាប់លោក លួចអង្ករយកទៅលក់ គាស់កុដិយកលុយគេអស់៣ម៉ឺនបាត។ ប៉ុន្តែព្រះអង្គបដិសេធការចោទទាំងនោះ ហើយអះអាងថាសុទ្ធតែជាការរៀបចំឡើង ក្នុងគោលបំណងកម្ចាត់ព្រះអង្គ។
ព្រះអង្គមានសង្ឃដីកាថា៖ “ចាប់តាំងពីថ្ងៃនិមន្តត្រលប់ពីបុណ្យលោកបណ្ឌិត កែម ឡី នេះវិញ ចាប់ផ្តើមមានបញ្ហាកក្រើកឡើងខ្លាំង រហូតមានការគំរាមកំហែង ការបកស្បង់បកចីពរ ការចាប់បញ្ជូនទៅតុលាការដើម្បីផ្សឹកអីជាដើមនោះ គឺគេប្រកាសពីចៅហ្វាយស្រុកផ្ទាល់”
ព្រះតេជគុណ ឃឹម សំអឿន លើកឡើងថាបើព្រះអង្គបានប្រព្រឹត្តខុសមែន គួរតែឲ្យស្ថាប័នសង្ឃជាអ្នកដោះស្រាយ មិនមែនអាជ្ញាធរឬខាងអាណាចក្រប្រកាសចាប់បកស្បង់ចីពរព្រះសង្ឃបែបនេះ។
ឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកបាណន់លោក ជុំ ញ៉ បដិសេធចំណុចមួយចំនួនដែលព្រះសង្ឃ ឃឹម សំអឿន បានមានសង្ឃដីកា ប៉ុន្តែលោកថាព្រះសង្ឃ ឃឹម សំអឿន បានធ្វើរឿងជាច្រើនដែលបង្កនូវផលប៉ះពាល់ដល់សម្បត្តិសាធារណៈដូចជាកាយប្រលាយដែលអាចនាំឲ្យផ្អៀងសាលារៀន  ការបញ្ជាឲ្យគេទៅគាស់ឃ្លាំងកុដិ និងថ្មីៗនេះព្រះអង្គបានបញ្ជាឲ្យគេដឹកឥវ៉ាន់ដែលជាសម្បត្តិវត្តដែលលោកថានេះជារឿងព្រហ្មទណ្ឌ។
លោកអភិបាលស្រុកមានប្រសាសន៍ថា៖ “វាអត់ពាក់ព័ន្ធនឹងរឿងនយោបាយរឿងអីទេ គ្រាន់តែថារឿងដែលប្រព្រឹត្តសុទ្ធតែប៉ះពាល់ទៅនឹងព្រហ្មទណ្ឌ រដ្ឋប្បវេណី ប្អូនគិតមើលកាយប្រឡាយ កាយអី អត់ទទួលខុសត្រូវ ចុះបើរលំអគារ អគារសិក្សាហ្នឹងសុទ្ធតែជាជំនួយរបស់គេទៀត”។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ តំណាងគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី មានសង្ឃដីកាប្រាប់វីអូឌីថា ការធ្វើទុក្ខបុកម្នេញព្រះអង្គ ឃឹម សំអឿន នេះកើតឡើងតាំងពី៣ឆ្នាំមុនម្ល៉េះ គឺចាប់តាំងពីព្រះអង្គនិមន្តចូលរួមទេសនានៅទីលានប្រជាធិបតេយ្យឲ្យគណបក្សសង្រ្គោះជាតិ។ព្រះអង្គមានសង្ឃដីកាថា៖ “ដូចជាថ្ងៃទី១៣ លោកបានមកនិមន្តមកទេសនា បុណ្យសពលោកបណ្ឌិត កែម ឡី ហើយក៏និយាយធ្ងន់ៗប៉ះពាល់ជាមួយនឹងរដ្ឋាភិបាលសព្វថ្ងៃនេះ ហើយលោកទៅបានតែពីរបីថ្ងៃ ស្រាប់តែទទួលបានការគំរាមកំហែង រងការព្រមាន ការចាប់ផ្សឹក យកទៅញាត់គុកអញ្ចឹងទៅ ហើយក៏ព្រះអង្គបានភៀសព្រះកាយហើយឥលូវ”។ ព្រះអង្គបន្ថែមថា ពេលនេះក្រុមការងារបណ្តាញព្រះសង្ឃកំពុងព្យាយាមស្វែងរកដំណោះស្រាយជួយដល់ព្រះអង្គ ឃឹម សំអឿន ហើយ។
មន្រ្តីអង្គការលីកាដូនិងមន្រ្តីសមាគមអាដហុកខេត្តបាត់ដំបងអះអាងថាពួកគេបានទទួលព័ត៌មានថាមានការបណ្តេញនិងចាប់ខ្លួនព្រះសង្ឃ ឃឹម សំអឿន មែនតែពួកគេនៅមិនទាន់អាចសន្និដ្ឋានថាមកពីមូលហេតុអ្វីនៅឡើយទេ៕
សូមសទ្សនាវីដេអូខាងក្រោម ៖
សាក្សី​រៀបរាប់​អំពី​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ​ជា​ឃាតករសម្លាប់លោក បណ្ឌិត កែម ឡី (មានវីដេអូ) សាក្សី​រៀបរាប់​អំពី​ការ​រត់​គេច​ខ្លួន​របស់​ជន​សង្ស័យ​ជា​ឃាតករសម្លាប់លោក បណ្ឌិត កែម ឡី (មានវីដេអូ) Reviewed by Unknown on 7:23:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.