លី ខ្វាន់យូ ៖ កម្ពុជា​មិន​គួរ​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​ទេ ព្រោះ​គ្មាន​តម្លៃ​រួម

លោកលី ខ្វាន់យូ ស្ថាបនិករបស់ប្រទេសសិង្ហបុរីនៅក្នុងពិធីមួយនាពេលកន្លងមក 
នៅក្នុងឯកសារសម្ងាត់មួយដែលត្រូវបានលេចធ្លាយបានស្រង់សម្តីលោកលីថា
 កម្ពុជាមិនគួរគេទទួលឲ្យចូលសមាជិកអាស៊ានទេ 


ភ្នំពេញៈ បើ​យោង​តាម​ឯកសារ​ទូរ​លេខ​ការ​ទូត​សម្ងាត់​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​គេ​ហទំព័រ WikiLeaks បាន​ឲ្យ​ដឹង​ថា  លោក លី ខ្វាន់​យូ ស្ថាបនិក​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា កម្ពុជា​មិន​​គួរ​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​ឡើយ​ ដោយ​សារ​ថា​កម្ពុជា​ពុំ​មាន​តម្លៃ​រួម​គ្នា​នឹង​សមាជិក​ស្ថាបនិក​របស់​សមាគម​អាស៊ាន​នេះ។
ឯក​សារទូរ​លេខ​ ដែល​ដាក់​ស្លាក​ថា«​ការ​សម្ងាត់​» ​និង​បាន​បញ្ជូន​ដោយ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​​សិង្ហ​បុរី ​បាន​កត់​ត្រា​ពី​កិច្ច​ប្រជុំ​ឆ្នាំ ២០០៧ រវាង​លោក លី ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​សហ​រដ្ឋ​អាមេរិក​ ​។ ក្នុង​កិច្ច​ប្រជុំ គេ​រាយ​ការណ៍​ថា លោក​ លី ​ថ្លែង​ថា អាស៊ាន​មិន​គួរ​ទទួល​យក​ប្រទេស​កម្ពុជា មីយ៉ាន់ម៉ា ឡាវ និង​វៀត​ណាម ជា​សមាជិក​ក្នុង​អំឡុង​ទសវត្សរ៍​ទី ៩០ ឡើយ។
រៀប​រាប់​ពី​ទស្សនៈ​របស់​លោក លី ឯកសារ​ទូរ​លេខ​នោះ​បាន​ឲ្យ​ដឹង​ថា៖ «​សមាជិក​ចាស់​ក្នុង​អាស៊ាន​មានគុណ​តម្លៃ​រួម​គ្នា និង​អាទិភាព​ចំពោះ​របប​កុម្មុយ​នីស្ត។ គុណ​តម្លៃ​ទាំង​នោះ ត្រូវ​បាន​ប្រឡាក់​ប្រឡូក​ដោយ​សារ​សមាជិក​ថ្មី ​ហើយ​បញ្ហា​សេដ្ឋ​កិច្ច និង​សង្គម​កិច្ច​របស់​គេ​បាន​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា​ ​ពួក​គេ​នឹង​មិន​ប្រតិបត្តិ​ដូច​សមាជិក​អាស៊ាន​ចាស់​ឡើយ​​»។
លោក លី អតីត​នាយក​រដ្ឋ​មន្រ្តី​កាន់​តំណែង​រយៈ​ពេល​យូរ បាន​បន្ត​ទៀត​ថា លោក​មាន​សុទិដិ្ឋ​និយម​បំផុត​ចំពោះ​ប្រទេស​វៀត​ណាម ដោយ​លោក​រៀប​រាប​ថា ប្រទេស​វៀត​ណាម​ជា​«​ប្រទេស​ឆ្លាត និង​រៀន​សូត្រ​បាន​ឆាប់​» ដែល​នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​របស់​អាស៊ាន​។
លោក​ក៏​បាន​ថ្លែង​ដែរ​ថា ទីក្រុង​ហាណូយ​មិន​ចង់​ឃើញ​ឥទិ្ធ​ពល​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​មាន​កម្រិត​ខ្លាំង​ពេក​ទេ។ ​លោក​បាន​ប្រៀប​ធៀប​ថា ប្រទេស​កម្ពុជា​វិញ​ «​មិន​ទាន់​រើប​ឡើង​ពី​ប្រវតិ្ត​សាស្រ្ត​ដ៏​លំបាក និង​ប្រព័ន្ធ​នយោបាយ​ ដែល​មាន​លក្ខណៈ​បុគ្គល​ខ្លាំង​នៅ​ជុំ​វិញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​នៅ​ឡើយ​ទេ»។
លោក​ លី​ ក៏​បាន​ច្រាន​ចោល​ប្រទេស​ឡាវ ថា​«​ជា​ប្រទេស​ឃ្លាំ​មើល»​ ឲ្យ​ប្រទេស​ចិន ដោយ​លោក​អះ​អាង​ថា ​ទីក្រុង​វៀងចន្ទន៍ បាន​រាយ​ការណ៍​ទៅ​ទីក្រុង​ប៉េកាំង ស្តី​ពី​ដំណើរ​ការ​ទាំង​អស់​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ទាំង​មូល។
សមាគម​អាស៊ាន​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦៧ ជា​កម្លាំង​ទប់​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​របប​កុម្មុយ​នីស្ត នៅ​អាស៊ី​អាគ្នេយ៍ ​ដោយ​មាន​ប្រទេស​ឥណ្ឌូ​នេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​​ថៃ ​ជា​សមាជិក។ ​ ប្រទេស​វៀត​ណាម​បាន​ចូល​រួម​ជា​សមាជិក​សមាគម​ក្នុង​ឆ្នាំ​១៩៩៥ ​​ហើយ​ក្រោយ​មក​ក្នុង​ឆ្នាំ​១៩៩៧ ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា បាន​ចូល​ជា​សមា​ជិក។ ​កម្ពុជា​ជា​ប្រទេស​ចុង​ក្រោយ​ដែល​បាន​ចូល​ជា​សមាជិក ក្នុង​ខែ​មេសា ១៩៩៩ បន្ទាប់​ពី​ជម្លោះ​ផ្ទៃ​ក្នុង កាល​ពី​​ខែ​កក្កដា ១៩៩៧ ​បាន​​ពន្យារ​ពេល​ការ​ចូល​ជា​សមាជិក​ពេញ​លេញ​។
លោក កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា  លោក​មិន​ចង់​ផ្តល់​ការ​អត្ថា​ធិប្បាយ​លើ​ខ្លឹម​សារ​ឯកសារ​ទូរ​លេខ​​នោះ​ ឡើយ។ លោក​បាន​បញ្ជាក់​ថា៖ «​យើង​ត្រូវ​អាន​វា​ឲ្យ​ប្រុង​ប្រយ័ត្ន ​ហើយ​ព្យាយាម​យល់​វា​ឲ្យ​ស៊ី​ជម្រៅ។ ឥឡូ​វនេះ ​ខ្ញុំ​មិន​ចង់​ផ្តល់​ការ​អត្ថា​ធិប្បាយ​នោះ​ទេ​»។
អ្នក​អង្កេត​ថា្នក់​តំបន់​ម្នាក់ ដែល​មាន​មូល​ដ្ឋាន​នៅ​ ប្រទេស​សិង្ហ​បុរី ​បាន​ថ្លែង​ថា ទស្សនៈ​របស់​លោក លី ពី​ប្រទេស​កម្ពុជា ឡាវ វៀត​ណាម និង​មីយ៉ាន់ម៉ា​ បាន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ភ័យ​ខ្លាច​ជា​ទូ​ទៅ​​ថា អាស៊ាន​«​ពីរ​ផ្លូវ​»​បាន​អភិវឌ្ឍ​ឡើង​ចាប់​តាំង​ពី​ទសវត្ស​ទី ៩០ រហូត​មក​ម្ល៉េះ។
ប៉ុន្តែ​ អ្នក​វិភាគ​ ដែល​មិន​ចង់​បញ្ចេញ​ឈ្មោះ​ដោយ​សារ​លក្ខណៈ​រសើប​ នៃ​ខ្លឹម​សារ​ក្នុង​ឯកសារ​ទូរ​លេខ​​នោះ​បាន​ថ្លែង​ថា លោក​ភ្ញាក់​ផ្អើល​ដែល​លោក លី បាន​ថ្លែង​ពី​គោល​បំណង​ដើម​របស់​អាស៊ាន ​ដែល​ប្រឆាំង​របប​កុម្មុយ​នីស្ត ព្រោះ​មុន​ឆ្នាំ​២០០០ សមាគម​នេះ​​«​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​រៀប​ចំ​ខ្លួន​ឯង​ ឲ្យ​ទៅ​ជា​ក្រុម​លើស​ពី​ក្រុម​ប្រឆាំង​របប​កុម្មុយនីស្ត​ទៅ​ទៀត​​។ ​​បើ​ពិនិត្យ​ទៅ​អតីត​កាល​ ​ពិត​ជា​ត្រូវ​ការ​វាយ​តម្លៃ​ទស្សន​វិស័យ​របស់​ [លោក​ លី] មែន​»។
លោក Mark Wenig ​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក បាន​ថ្លែង​ថា ទីក្រុង​វ៉ាស៊ីនតោន«​គាំទ្រ​ទាំង​ស្រុង​លើ​ការ​ចូល​រួម​ជា​សមាជិក​របស់​ កម្ពុជា​ក្នុង​សមាគម​អាស៊ាន»។  មន្រ្តី​ស្ថាន​ទូត​សិង្ហ​បុរី នៅ​រាជ​ធានី​ភ្នំពេញ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ឡើយ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ។
លោក លី ធ្វើ​ការ​អត្ថា​ធិប្បាយ​នេះ ក្នុង​អំឡុង​កិច្ច​ពិភាក្សា​ កាល​ពី​ថ្ងៃ​ទី ១៦ តុលា ២០០៧ ​ជាមួយ​នឹង​លោក Patricia L Herbold អតីត​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​សិង្ហបុរី និង​លោក Tho mas J Christensen អតីត​ជំនួយ​ការ​រង​របស់​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។ លោក​ លី អាយុ ៨៧ ឆ្នាំ​ ឥឡូវ​នេះ​ កាន់​តំណែង​ជា «​រដ្ឋ​មន្រ្តី​គំរូ»ម្នាក់ ​ហើយ​នៅ​តែ​ជា​ឥស្សរជន​មាន​ឥទិ្ធ​ពល​ខ្លាំង ក្នុង​នយោ​បាយ​សិង្ហបុរី។
ក្នុង​ឯក​សារ​ទូរ​លេខ​នោះ​ដែរ ​លោក លី បាន​រៀប​រាប់​ ពី​ឧត្តម​សេនីយ​កាន់​អំណាយ​របស់​ប្រទេស​មីយ៉ាន់ម៉ា​ថា ​ជា​មនុស្ស​«​ល្ងី​ល្ងឺ» និង​«​រឹង​ទទឹង» ​ដែល​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ដ៏​ច្រើន​របស់​ប្រទេស​ដោយ​ខុស​ឆ្គង។ ឯក​សារ​ទូរ​លេខ​នោះ​បាន​ឲ្យ​ដឹង​ថា៖ «​​លោក លី បាន​លើក​ឡើង​ថា ​ការ​​និយាយ​ជាមួយ​នឹង​របប​នេះ ដូច​«​និយាយ​ទៅ​កាន់​មនុស្ស​ស្លាប់​»។
ឯក​សារ​ទូរ​លេខ​គ្រាន់​តែ​ជា​ឯកសារ​មួយ ក្នុង​ចំណោម​ឯកសារ​គោល​នយោបាយ​ការ​បរទេស​របស់​អាមេរិក​ជាង ២៥០ ០០០ ច្បាប់ ដែល​ WikiLeaks ​បាន​កំពុង​លេច​ធ្លាយ​បន្តិច​ម្តង​ៗ ចាប់​តាំង​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា មក ​។
ឯកសារ​សរុប​ មាន​ប្រមាន​ជា ១៤៧៧ ច្បាប់​ត្រូវ​បាន​ចេញ​ផ្សាយ​គិត​មក​ដល់​ល្ងាច​ថ្ងៃ​ម្សិល​មិញ​ហើយ ឯកសារ​ជាង ១០០០ ច្បាប់​ក្នុង​បណ្ណា​សារ​របស់​ Wiki Leaks ​ត្រូវ​បាន​កំណត់​ប្រភេទ​​ថា ពាក់​ព័ន្ធ​ជា​មួយ​នឹង​ប្រទេស​កម្ពុជា​ ដែល​រាប់​បញ្ចូល​ទាំង​ឯកសារ​ទូរ​លេខ​ចំនួន ៧៧៧ច្បាប់ ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ភ្នំពេញ​ផង​ដែរ​។ ​ឯកសារ​ទូរ​លេខ​ពី​ស្ថាន​ទូត​នៅ​ភ្នំពេញ​ពុំ​ទាន់​ចេញ​ផ្សាយ​នៅ​ឡើយ​ទេ៕ TK
postkhmer
លី ខ្វាន់យូ ៖ កម្ពុជា​មិន​គួរ​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​ទេ ព្រោះ​គ្មាន​តម្លៃ​រួម លី ខ្វាន់យូ ៖ កម្ពុជា​មិន​គួរ​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​ទេ ព្រោះ​គ្មាន​តម្លៃ​រួម Reviewed by Unknown on 4:18:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.