ល្បី​ម៉ៅ ហាជី មាន​ស្រីថ្មី​ទ្រព្យ​ស្តុក ភ្លេច​ប្រពន្ធ​កូន


បាត់ដំបង: ភាព​ស្ងប់​សុខ​ ទើប​បាន​មួយ​ខ្យល់​ពីអាស្រូវ​ព័ត៌​មានបណ្ដឹង​របស់​ក្រុមហ៊ុន​ហង្សមាស​ ដោយ​ចោទ​រំលោភកុងត្រា កម្ម​វិធី​ Cambodian Idol លោក ម៉ៅ ហាជី លេច​ឮ​ដំណឹង​លែង​ប្រពន្ធ​ដែល​ជាអ្នក​ចម្រៀង​អ័រកេះ​នៅឯ​ស្រុក​កំណើតដែលបាន​រួមបង្កើត​តំណក់​ឈាម​កូន​ប្រុសម្នាក់​វ័យ ៥ ឆ្នាំ​ ភ្លេច​​អនុស្សាវរីយ៍​កម្សត់​ទៅ​លង់​ស្នេហ៍​ស្រីថ្មី មានទ្រព្យស្តុក​ បង្ក​ឲ្យ​ផ្អើល​ពេញ​ពិភព​សិល្បៈ​។
មួយ​រំពេច ក្រោយ​បរាជ័យ​លើកពាន Cambodian Idol ដែល​មហាជន​ភាគ​ច្រើន ហាក់​មាន​ទំនុក​ចិត្ត អតីត​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​រូបសង្ហា ​អត់មាន​យីអ៊ុន​ទទួល​ជយ​លាភីមក​ពី​បាត់ដំបង លោក ម៉ៅ ហាជី ក៏ល្បី​ភ្លែត​ថា លោក​ត្រូវ​បានផលិតកម្ម​ថោន ប្រ​ជែងហៅ​ចុះ​កុងត្រា​ធ្វើជា​តារា​ចម្រៀង​ពេញ​សិទ្ធិ បង្កឲ្យ​ឆេះ​ដុំដល់​ម្ចាស់​កម្មវិធី​ Cambodian Idol ពីក្រុម​ហ៊ុន​ហង្សមាស​ភ្លាមៗ ដែល​ប្រកាស​ជាសាធារណៈ​តាម​ទូរទស្សន៍​ហង្សមាស​ប្តឹង ទាំង​សាមីខ្លួន និង​ក្រុមហ៊ុន​ដែល​ទទួល​ ម៉ៅ ហាជី ទាំងដឹង​ថា បុគ្គលម្នាក់​នេះ​នៅ​ជាប់​កុងត្រា​ជាមួយ​កម្មវិធី​ Idol។
ខណៈ​ដែល​សង្គ្រាម​ពាក្យ​សម្ដី​រវាង​ដំរី (ហង្សមាស)​ និង​ស្រមោច​ (ម៉ៅ ហាជី)​ ទើបបាន​ស្ងប់រលត់​ទាំង​មិនទាន់​ឃើញ​មាន​លទ្ធផល​ចាញ់​ឈ្នះផង​ អតីត​បេក្ខភាព​ Cambodian Idol ម៉ៅ ហាជី​ ដែល​ក្លាយ​ជាតារា​ចម្រៀង​ក៏មាន​ទីផ្សារ​គួរសមនោះ បែរ​ជា​ផ្ទុះព័ត៌មាន​អាស្រូវ​លែងលះ​ប្រពន្ធ​កូន ​ទាំង​ធ្វើឲ្យ​អ្នក​គាំទ្រ​ជាច្រើន​ពោល​ហួស​ចិត្តថាបានល្បី​បន្តិច​ក៏​ភ្លេច​កំណើត​ បំភ្លេច​អនុស្សាវរីយ៍​កម្សត់។ប្រភព​ពីអ្នក​ខេត្ត​បាត់​ដំបង បាន​អះអាងថា៖ «ម៉ៅ ហាជី ពិតជា​មាន​ប្រពន្ធ និង​មាន​កូន​ប្រុសម្នាក់​សព្វថ្ងៃ​អាយុចូល ៥ ទៅ​​ ៦ ឆ្នាំមែន​»។
ប្រភពដដែល​បន្ថែម​ថា ស្រីមុំ​ ប្រពន្ធ ម៉ៅ ហាជី ជាអ្នក​ចម្រៀង​តាម​អកកេះ​នៅ​បាត់ដំបង​ជាមួយគ្នា​ ប៉ុន្តែនាង​មាន​រូបសម្រស់​មិន​សូវស្អាត។​ ពីអ្នក​ខេត្តបាត់​ដំបង​រូបនេះ បង្ហើបថា៖ «​ពួកគេ​ស្រឡាញ់​គ្នាចិត្ត និង​ចិត្ត។ ហាជី និង​ស្រីមុំ​ ឮថា ពួកគេ​បាន​លែងលះ​គ្នា ទើបតែរយៈ​ពេល​ជាង​មួយ​ខែនេះ​ទេ។ ក៏នៅមិន​ដឹង​ថា​ ស្នេហ៍ដែល​កើត​ឡើង​ដោយ​ចិត្ត​នេះ បែកគ្នា​ដោយ​កំហុសអ្វី ភាគីស្រី ឬ​ប្រុស​ខុស​ឲ្យប្រាកដ​នោះ​ឡើយ»។
ដោយឡែក​ ព័ត៌​មាន​ដែល​កំពុង​តែសាយ​ភាយពី​អតីត​បេក្ខភាព Cambodian Idol រូបសង្ហា​ ម៉ៅ ហាជី លែងលះ​ប្រពន្ធ ទាំងមុន​នេះ​មិនធ្លាប់​ថា មាន​ប្រពន្ធ​នោះ​ថា រឿង​នេះ​ជាចេតនា ហាជី ព្រោះ​ល្បីថា ម៉ៅ​ហាជី ពេលនេះ​ក៏មាន​នារី​ថ្មី​ស្រឡាញ់​យល់ចិត្ត ដែលមាន​រូប​សម្រស់​ស្រស់​ស្អាត និង​ទ្រព្យស្តុក​ទៀតផង។ ​
ប៉ុន្តែ​យ៉ាងណា ​នៅ​មិនទាន់​មាន​ការបកស្រាយ​បញ្ជាកពី​អតីត​បេក្ខភាព​ Cambodian Idol រូបនេះ​នៅ​ឡើយទេ ខណៈ​លេខទូរស័ព្ទ​ធ្លាប់​ទំនាក់ទំនង​ត្រូវបាន​ស្រ្តី​ម្នាក់​ទទួល​ជំនួស​ដោយ​ឆ្លើយថា៖ «ខ្ញុំមិន​ដែលស្គាល់ ​ម៉ៅ ហាជី ជាអ្នក​ណា​ឡើយ។ នេះ​ជាលេខ​ទូរស័ព្ទ​របស់ខ្ញុំ»។
ជាមួយ​គ្នានេះ​ដែរ​ ស្រ្តី​ជា​តារាចម្រៀង​នៅ​ខេត្ត​បាត់ដំបង ហើយ​ក៏ធ្លាប់​ដើរ​ច្រៀង​ជាមួយ​ ហាជី រូបនោះ ​បញ្ជាក់​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖ «ហាជី ពិតជា​មាន​ប្រពន្ធ​ឈ្មោះ ស្រីមុំ​ ប្រាកដ​មែន។ ពួកគេក៏បង្កើត​បាន​កូន​ប្រុសម្នាក់ មុខ​ស្រស់​កាត់​រក ហាជី អាយុ​ប្រហែល​ជា ៥ ទៅ ៦ ឆ្នាំ​ហើយ»។អ្នកចម្រៀង​ធ្លាប់​រួម​ដំបូល​នោះ​បានបន្ដថា​៖ «​ប៉ុន្តែ​ត្រង់ថា លែងលះ​គ្នានោះ ខ្ញុំ​មិនទាន់​បាន​ដឹងទេ»៕
ល្បី​ម៉ៅ ហាជី មាន​ស្រីថ្មី​ទ្រព្យ​ស្តុក ភ្លេច​ប្រពន្ធ​កូន ល្បី​ម៉ៅ ហាជី មាន​ស្រីថ្មី​ទ្រព្យ​ស្តុក ភ្លេច​ប្រពន្ធ​កូន Reviewed by Unknown on 8:55:00 PM Rating: 5

No comments:

Theme images by Jason Morrow. Powered by Blogger.